(ភ្នំពេញ)៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៉ីវិល បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលបានបង្ហោះសារឲ្យគ្រប់ខ្មែរភាគីងើបបះបោរ ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៉ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតំណាងឱ្យសមាគមអង្គការទាំង ២១ អង្គភាព បានឲ្យដឹងថា ខ្លួនបានមើលឃើញពីសកម្មភាពមេក្លោងភេរវករ ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយបានបង្ហោះសារភ្ជាប់ទៅនឹងការអំពាវនាវ ឲ្យគ្រប់ខ្មែរភាគី ជាពិសេសកងកម្លាំង និងគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ ឲ្យងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៉ីវិល ចាត់ទុកថាសារនេះ គឺជាចេតនាធ្វើសកម្មភាពប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដណ្តើមអំណាចដោយខុសច្បាប់ និងកំពុងបានធ្វើសកម្មភាពក្នុងគោលបំណងបំផ្លាញស្ថិរភាពសន្តិភាព និងការអភិវឌ្ឍកម្ពុជា ដែលខ្មែរត្រូវរួមគ្នាកម្ចាត់ចោលជាដាច់ខាត៕