(ភ្នំពេញ)៖ ទទួលបានការចាត់តាំងពីលោកអភិបាលរាជធានីភ្នំពេញ, លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានី និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អតីតយុទ្ធជន និងជាអតីតកងទ័ពមួយខៀវ បំពេញបេសកកម្មដោះមីន នៅប្រទេសលីបង់។

បច្ចុប្បន្នលោកស្នាក់នៅជាមួយម្ដាយ និងប្អូនស្រីបង្កើត ដែលមានអាសយដ្ឋាន ក្នុងសង្កាត់ត្រពាំងក្រសាំងទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អំណោយរួមមាន៖ ថវិកា២លានរៀល និងសម្ភារប្រើប្រាស់ជាច្រើនមុខថែម ទៀត។

បើតាមក្រុមគ្រួសារ, លោកឈ្មោះ អ៊ិត សិលា ឆ្នាំកំណើត១៩៨៥ ជាអតីតយុទ្ធជន ឋានន្តរស័ក្ត ជាវរសេនីយ៍ទោ មានអត្ថលេខ២០០៩៩៥ មានស្រុកកំណើត នៅឃុំកំពង់ធំ ស្រុកលើកដែក ខេត្តកណ្ដាល។

លោកបានស្ម័គ្រចិត្ត និងបានទៅបំពេញបេសកកម្មកងទ័ពមួកខៀវ UN ដោះមីន នៅប្រទេសលីបង់ ហើយបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយការផ្ទុះមីន ក្នុងប្រទេសលីបង់ កាលអំឡុងឆ្នាំ២០២១ និងបានបញ្ជូនមកកម្ពុជា នៅដើមឆ្នាំ២០២២។

នៅក្នុងបេសកកម្មគ្រោះថ្នាក់ដោះមីននេះ បានធ្វើឲ្យលោកមានរបួសធ្ងន់ធ្ងរ ស្ថានភាពរបួសរួមមាន៖ របួសធ្ងន់ពិការភ្នែកទាំងសងខាង ពិការដៃម្ខាង ពិការជើងម្ខាង និងប៉ះពាល់ទៅដល់ស្មារតីផ្លូវចិត្តផងដែរ។

បន្ទាប់ពីអ្នកជម្ងឺចេញពីមន្ទីរពេទ្យ តាមរយៈអភិបាលរាជធានីភ្នំពេញ​, សម្តេចធិបតី​ ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ នឹងបន្តជួយឧបត្ថម្ភលោកវរសេនីយ៍ទោ អ៊ិត សិលា​ និងម្តាយចាស់​ជាប្រចាំខែនូវថវិកា៤០ម៉ឺនរៀល​ និងអង្ករ​ ៥០kgផងដែរ៕