(ភ្នំពេញ)៖ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តួនាទីរបស់មេធាវី ដែលរួមមានការតំណាង ការការពារក្ដី ការប្រឹក្សាយោបល់ និងតាក់តែងលិខិតស្នាមគតិយុត្ត ក៏ដូចជាការធ្វើជាអាជ្ញាកណ្ដាល អ្នកផ្សះផ្សា ឬអ្នកសម្រុះសម្រួលជាអាទិ៍ កាន់តែមានសារៈសំខាន់ ខណៈពេលដែលសង្គមត្រូវបានធ្វើទំនើបកម្ម និងមានការវិវត្តន៍ឥតឈប់ឈរ ជាពិសេសនៅក្នុងបរិបទនៃសង្គមនីតិរដ្ឋ ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកមេធាវី សាំង វណ្ណៈ បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញធ្វើបាឋកថា ចែករំលែកចំណេះដឹងស្តីពី «វិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី» ជូនដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានចូលរួមជិត ៤០០នាក់ និងដោយមានការចូលរួមជាសហគណៈអធិបតីគឺ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមានការចូលរួមពីលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោក លោកស្រីមេធាវី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមាននិស្សិត ជាច្រើននាក់ផងដែរ។
លោកមេធាវី សាំង វណ្ណៈ បានបន្ថែមថា នៅពេលប្រជាពលរដ្ឋអាចមានការលំបាក ក្នុងការស្វែងយល់ឱ្យបានច្បាស់លាស់ និងគោរពឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហេតុនេះតួនាទីរបស់មេធាវី កាន់តែមានភាពចាំបាច់ដើម្បីធានាបាននូវសុវត្ថិភាពគតិយុត្តនៃសកម្មភាពអាជីវកម្ម និងសកម្មភាពរស់នៅប្រចាំថ្ងៃមួយចំនួនរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមតាមរយៈ ការផ្តល់សេវាប្រឹក្សាយោបល់ ការរៀបចំឯកសារផ្លូវច្បាប់នានាដែលច្បាប់អនុញ្ញាត និងដើម្បីការពារនូវ សិទ្ធិស្របច្បាប់ នៅក្នុងករណីដែលមានវិវាទកើតឡើង។
បន្ថែមពីនេះក្នុងករណីដែលវិវាទត្រូវបានប្តឹង ផ្តល់ទៅដល់តុលាការ ជំនួយរបស់មេធាវីក្នុងការការពារក្តីជូនប្រជាពលរដ្ឋនៅក្នុងដំណើរការនីតិវិធី តុលាការ រឹងរឹតតែមានភាពចាំបាច់ និងមានសារៈសំខាន់ថែមទៀត ម៉្យាងដោយសារនីតិវិធីក្នុងប្រព័ន្ធ តុលាការមានច្រើនប្រភេទ ហើយមានលក្ខណៈបច្ចេកទេសស៊ីជម្រៅ និងម៉្យាងទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន នៅក្នុងកិច្ចដំណើរការនៃនីតិវិធី នានារបស់តុលាការ។
ក្នុងនាមជាប្រធានស្ថាប័នបម្រើដល់ការអនុវត្តច្បាប់ និងយុត្តិធម៌សង្គម លោកប្រធានគណៈមេធាវី ក៏បានលើកទឹកចិត្ត ប្អូនៗជានិស្សិតទាំងអស់ ពិសេសនិស្សិតជំនាញនីតិសាស្ត្រ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ បង្កើនចំណេះដឹង សិក្សាស្រាវជ្រាវច្បាប់ និងត្រូវស្វែងយល់អំពីរីកចម្រើននៃសង្គមជាតិ ត្រូវមានសុទិដ្ឋិនិយមចំពោះការដឹកនាំនៃស្ថាប័ននានារបស់ជាតិ ប្រព័ន្ធយុត្តិធម៌ ដំណើរការនៃការពង្រឹងនីតិរដ្ឋនៅកម្ពុជា ការអនុវត្តច្បាប់ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និង តថភាពជាក់ស្តែងនៃសង្គម នយោបាយ សេដ្ឋកិច្ច ព្រមទាំងស្ថានភាពនៃប្រជាជន។
បន្ថែមពីនេះលោកប្រធានគណៈមេធាវី បានគូសបញ្ជាក់ថា គោលនយោបាយដឹកនាំទាំង ៩ចំណុច ដែលលោកប្រធានបានដាក់ចេញ ជាពិសេសពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់អ្នកដែលមានឧបនិស្ស័យមានបំណងចូលប្រកបវិជ្ជាជីវៈមេធាវីគឺអាចដាក់ពាក្យចូលរួមប្រឡងប្រជែង នៅពេលមានសេចក្ដីជូនដំណឹង ហើយសូមមានជំនឿចិត្តថា « ចេះគឺជាប់ »។
នាឱកាសនោះអ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងដែរថា ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងថ្មីៗ, សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំនូវកម្មវិធីបាថកថា សិក្ខាសាលា និងវេទិការវិទ្យាសាស្ត្រជាច្រើនដង និងជាប្រចាំឆ្នាំទៅតាមកម្មវិធីដែលបានគ្រោងទុក ក្នុងរង្វង់ប្រមាណពី១០-១៥ដង តាមរយៈជំនាញផ្សេងៗគ្នានៃមហាវិទ្យាល័យនីមួយៗ និងសាលាក្រោយឧត្តម ដោយបានអញ្ជើញបណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អ្នកឯកទេស វាគ្មិនល្បីៗកម្រិតគរុសភា(Academic) ដែលមានជំនាញជ្រៅជ្រះទាំងក្នុងវិស័យសាធារណៈ និងឯកជន។
អ្នកឧកញ៉ា បានបន្ថែមថា ជាសក្ខីភាពសាកលវិទ្យាល័យបានប្រារព្ធនូវកម្មវិធីបាឋកថា ដែលបានទទួលវាគ្មិនជំនាញវិជ្ជាជីវៈដែលជាថ្នាក់ដឹកនាំនៃស្ថាប័នគណៈមេធាវី មកធ្វើបទបង្ហាញ ដើម្បីផ្តល់នូវចំណេះដឹង ពិសោធន៍ជាក់ស្តែងអំពី វិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌ និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី ដែលប្រធានបទនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ជាពិសេសសម្រាប់អ្នកសិក្សា ជំនាញនីតិសាស្រ្ត នេះតែម្តង៕