(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ស.ស.យ.ក នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំថវិកាចូលរួមរំលែក ទុក្ខក្រុមគ្រួសារសពយុវតីម្នាក់ដែលស្លាប់ដោយឆ្កែឆ្កួតខាំ នៅឃុំរបៀប និងសព​អតីតមេបញ្ជាការរងផ្នែកសឹករងស្រុកម្នាក់ ដែលស្លាប់ដោយរោគាពាធនៅឃុំរងរឿង។

នៅក្នុងឱកាសនោះលោក ហោ ប៊ុនហួរ បាននាំសាររំលែកទុក្ខយ៉ាងក្រៀមក្រមបំផុតពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងលោក យុង គឹមហ៊ាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាល តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះថ្នាក់ផ្សេងៗ។

សូមបញ្ជាក់ថា អំណោយដែលនាំមកចូលរួមរំលែកទុក្ខនាពេលនេះ រួមមាន៖ សពលោក​ ភី​ ភន​ អតីតមេបញ្ជាការរងផ្នែកសឹករងស្រុករវៀង រស់នៅនៅភូមបុះពៃ​ ឃុំរុងរឿង មានទឹកសុទ្ធ១៥យួរ​ ទឹកផ្លែឈើ២កេស និងថវិកា​១​ ៣១០​ ០០០​ រៀល និងជូនថវិកាចាស់ជរា​ នៅក្នុងពិធីបុណ្យចំនួន​១២នាក់​ ក្នុងម្នាក់ៗ​ ២០​ ០០០​ រៀល​។

ចំពោះសព​យុតី​ ជួន​ នីសា អាយុ១៥ឆ្នាំ​ នៅភូមិតាំងត្រក​ ឃុំរបៀប​ ទទួលមរណៈភាព ដោយឆ្កែឆ្កួតខាំតែរយៈពេល៣ថ្ងៃ ក្រុមការងារបានចូលរួមបុណ្យសព​នូវចំនួន​២៤០​ ០០០​រៀល​ ទឹកសុទ្ធ៤យួរ​ និងបានឧបត្ថម្ភថវិកាជូនចាស់ជរា​ ចំនួន៤នាក់​ ក្នុងម្នាក់​២០​០០០​រៀល​ផងដែរ៕