(តាកែវ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។

កម្មវិធីនេះផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតីដោយលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី លឹម វួចហ៊ុង ជាឧត្តមភរិយា លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការចូលរួមពី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបញ្ជាក់ទៀតថា «អ្នកតម្រូវការឈាមជាចាំចាច់ គឺមានច្រើន ក្នុងនោះអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺ​តាឡាសេមៀរ និងស្ដ្រីសម្រាលកូនជាដើម។ ដូច្នេះការផ្ដល់ឈាមរបស់យើង អាចជួយឱ្យកូនប្រុសម្នាក់ ឬកូនស្រីម្នាក់ត្រលប់មកជួបឪពុកម្ដាយគាត់វិញ, អាចជួយឱ្យស្វាមីម្នាក់ទៅជួបប្រពន្ធកូនគាត់វិញ, យើងបានជូនត្រលប់ទៅវិញ នូវមាតាដែលផ្ដល់កំណើតកូនដំបូង ដែលទៅជួបទារកទើបនឹងកើត (សម្រាប់ស្រ្ដីដែលមានបញ្ហាពេលសម្រាលកូន) ជាពិសេសការជួយរបស់យើង គឺជាការបញ្ជូនត្រលប់ទៅវិញនូវជីវិតមួយ ជូនដល់ឪពុក ម្តាយ កូន ប្តី ប្រពន្ធ ដែលកំពុងរង់ចាំមនុស្សម្នាក់នោះ ដើម្បីបន្ដផ្ដល់សុភមង្គលដល់គ្រួសា ដូច្នេះសូមចូលរួមផ្ដល់ឈាមឱ្យបានគ្រប់ៗគ្នា កុំឱ្យបញ្ចប់ជីវិតមនុស្សម្នាក់ ដោយសារតែខ្វះឈាមនោះទេ»

តាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ, ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣កន្លងមកយើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាមទូទាំងប្រទេសមានប្រមាណជិត ១៤៣,១៤៣ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។

សូមចងចាំថា កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ «មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍៣សំខាន់៖

១៖ អត្ថប្រយោជន៍ផ្ទាល់ខ្លួន
* ការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្ដង ឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា៖ ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍។ល។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិ
ផ្តល់ឈាម នឹងរក្សាសម្ងាត់ជូន។
* ជួយកាត់បន្ថយផងដែរ នូវហានិភ័យនៃជំងឺមហារីកនានា។
* កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង។
* ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
*នឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជាជំនួយការខានមិនបានម្នាក់សម្រាប់ វេជ្ជបណ្ឌិតក្នុងការសង្គ្រោះជីវិតអ្នកជំងឺ។

២៖ អត្ថប្រយោជន៍សម្រាប់សង្គមជាតិ
* ការចូលរួមជួយគ្នាក្នុងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ មហាជនទាំងអស់គ្នាចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក៖
«យុវជនយុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ «ខ្មែរជួយខ្មែរ» «ខ្មែរធ្វើបាន» ដែលជាភាសាបេះដូងមួយសម្រាប់យុវជនកម្ពុជាយើង។ 

«សូមកុំរង់ចាំដល់វលាមួយនៅពេលដែលយើងចង់ជួយគ្នា បែរជាហួសពេលនិងមិនអាចធ្វើបាន ដោយសារតែកត្តាអាយុ វ័យ និងជំងឺ»

៣៖ អត្ថប្រយោជន៍សម្រាប់បរមជាតិខាងមុខ
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ៩០% នៃប្រជាពលរដ្ឋរបស់យើងជាអ្នកកាន់ព្រះពុទ្ធសាសនា។ ជីដូនជីតា ឪពុកម្តាយរបស់យើង តែងតែធ្វើបុណ្យដាក់ទាន ជាប់ជាប្រចាំនៅគ្រប់កម្មវិធីសាសនាទាំងអស់ការបរិច្ចាគឈាម ជាការធ្វើទានដែលបានផល្លានិសង្ឃច្រើន នេះបើយោងតាមគម្ពីរត្រៃបិដក និងធម្មទេសនាព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។ ការបរិច្ចាគឈាម គឺស្ថិតនៅក្នុងទានកម្រិតទី២ គឺទានឧបរបារមី ( ១) ទានបារមី, ២) ទានឧបរបារមី ៣) ទានបរមត្ថបារមី) ដែលយើងទាំងអស់គ្នាអាចធ្វើបាន ទោះបីគ្មាន លុយកាក់ក៏ដោយព្រោះការបរិច្ចាគឈាមគឺជាការធ្វើទាន ដោយការលះបង់នូវកោសិការបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ចាំបាច់ជួយសង្គ្រោះជីវិតអ្នកជំងឺ។

សូមចងចាំថា ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ គ្រាប់ឈាមក្រហមនឹងស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ៕