(ភ្នំពេញ)៖ ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន២០ ដែលមានថវិកាសរុបជាង ២៣លានដុល្លារអាមេរិក ដោយអនុវត្តគម្រោង និងចំណាយដោយផ្ទាល់ដោយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ពិធីចុះកិច្ចព្រមព្រៀងបានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួង ស.អ.យ. តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការីផងដែរ។

គម្រោងដែលមានតម្លៃជាង ២៣លានដុល្លារអាមេរិកនេះអនុវត្តនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប ធ្វើសកម្មភាពដល់ក្រុមគោលដៅ ជនរងគ្រោះ និងងាយរងគ្រោះ ដូចជាកុមារ ចាស់ជរា ជនក្រីក្រ និងជនមានពិការភាព។

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនោះលោក ស៊ូនី វង្សវិសិដ្ឋ បានថ្លែងអំណរគុណដល់អង្គការ ដែលមានកិច្ចសហការជាមួយក្រសួងក្នុងការអនុវត្តសកម្មភាពជួយដល់ក្រុមគោលដៅក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា និងស្នើសុំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនានាទៅតាមកិច្ចព្រមព្រៀង និងគោរពតាមច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕