(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលតែងសកម្មក្នុងការចូលរួមចំណែកបង្ការ ទប់ស្កាត់ បទល្មើសនានាជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៦៩ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកទឹកចិត្ត និងគាំទ្រឲ្យភ្នាក់ងារសន្ដិសុខឯកជន បន្ដរាយការណ៍អំពីសកម្មភាពបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហឹង្សា ការរំលោភបំពានលើកុមារ និងស្ត្រី ការល្បែងស៊ីសង និងល្បែងអនឡាញខុសច្បាប់ជាដើម។
ប្រធាននាយកដ្ឋានរូបនេះ បានលើកឡើងទៀតថា កិច្ចការពារសុខសន្តិភាព និងសន្តិសុខសុវត្ថភាពសង្គម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានាតាមគ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសកម្ពុជា។ ជាពិសេស រួមគ្នាអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព» ផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាពនៅតាមបណ្តាភូមិ-ឃុំ-សង្កាត់ មិនឲ្យមានបទល្មើសកើតឡើង។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ មេត្តាយកចិត្តទុកដាក់ខ្ពស់នូវការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ពិសេសការឆាបឆេះអគិ្គភ័យ ដែលបណ្តាលមកពីការដុត ធូប ទាន ក្រដាស់សែន កាំជ្រួច ផាវជាដើម ខណៈក្នុងរដូវនេះ ជារដូវមានខ្សល់បកខ្លាំង ដូច្នេះងាយនឹងឆាបឆេះ។
ជាមួយគ្នានេះ លោកបានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ យកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់មិត្តរួមការងារ មិត្តភ័ក្រ ក្រុមគ្រួសាររបស់បងប្អូន ឬប្រជាពលរដ្ឋដ៏ទៃទៀតឲ្យបានយល់អំពីសារៈសំខាន់នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវិតប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕