(ភ្នំពេញ)៖ រាល់កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំតែងមានរឿងរ៉ាវប្លែកៗដែលមានតែអ្នកចូលរួមកិច្ចប្រជុំទាំងនោះទេដែលដឹង ហើយក៏កម្រមានអ្នកដែលយកទៅផ្សព្វផ្សាយចែកចាយឱ្យមហាជនបានដឹងដែរ។ យ៉ាងណាមិញ នៅឯកិច្ចប្រជុំលើកទីមួយរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២៥នេះ មេដឹកនាំប្រទេសបានសម្រេចយកកោះឡាំងកាវី (Langkawi) ជាកោះទេសចរណ៍មួយនៅក្នុងប្រទេសនេះធ្វើជាកន្លែងប្រជុំរយៈពេលពីរថ្ងៃ (ទី១៨-១៩ ខែមករា ឆ្នាំ២០២៥) ហើយក៏មានរឿងក្រៅឆាកខ្លះដែលខ្ញុំសូមពិពណ៌នាដូចតទៅ៖
ម៉ាឡេស៊ីត្រៀមកិច្ចប្រជុំចំនួន៣៤២លើកក្នុងឆ្នាំ២០២៥៖
ឆ្នាំនេះដល់វេនម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានសម្រាប់មួយឆ្នាំពេញ។ អតីតមេដឹកនាំបក្សប្រឆាំង លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បច្ចុប្បន្ន លោកជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានត្រៀមកិច្ចប្រជុំអាស៊ានទាំងអស់ចំនួន៣៤២លើក ក្នុងនោះចំនួន៣២លើកនឹងត្រៀមធ្វើនៅលើកោះឡាំងកាវី ដើម្បីជួយជំរុញវិស័យទេសចរណ៍នៅលើកោះមួយនេះ។
Langkawi មានអ្វីពិសេស?
Langkawi ជាឈ្មោះកោះដែលនៅជាប់ព្រំដែនថៃភាគខាងត្បូង ហើយក៏មានឈ្មោះល្បីជាកោះដែលគេអនុញ្ញាតឱ្យលក់អីវ៉ាន់រួចពន្ធផងដែរ។ សត្វឥន្រ្ទីជារូបសញ្ញានៅលើកោះឡាំងកាវី ហើយឥន្រ្ទីនេះហើយដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនទៅទស្សនាជារៀងរាល់ថ្ងៃ។ ទូកទេសចរណ៍រាប់សិបគ្រឿងបានរង់ចាំភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយៗថ្ងៃ ដើម្បីទៅមើលល្អាងភ្នំក្រពើ តែគ្មានក្រពើមួយឡើយ ទៅមើលកសិដ្ឋានចិញ្ចឹមត្រីលើដៃសមុទ្រ តែគ្មានត្រីគួរឱ្យគយគន់ឡើយ នៅឡើយហ្វូងសត្វឥន្រ្ទីដែលភ្ញៀវទេសចរកំពុងអង្គុយនៅលើទូកនាំគ្នាទន្ទឹងរង់ចាំមើលដោយអន្ទះសា។ មកដល់ជំរំសត្វឥន្រ្ទី អ្នកបើកទូកទេសចរណ៍បានចាប់ផ្តើមបន្ថយល្បឿនបន្តិចៗម្តង និងបន្ថយសំទ្បេងម៉ាស៊ីនដើម្បីរៀបចំផ្តល់ចំណី។ មួយរំពេចក្រោយមក អ្នកបើកទូកក៏ផ្តល់សំទ្បេងរោទ៍ម៉ាស៊ីនទូកជាសញ្ញាថាចំណីមកដល់ហើយ។ មិនដល់កន្លះនាទីផង ស្រាប់តែសត្វឥន្រ្ទីប្រហែលជាង២០ក្បាល បានហោះឆាបយកចំណី (ស្បែកមាន់) នៅក្បែរភ្ញៀវទេសចរដោយគ្មានញញើតនឹងមនុស្សឡើយ។ សត្វឥន្រ្ទីនៅឡាំងកាវីមានសំណាងណាស់ គ្មានខ្វះចំណីឡើយ ព្រោះភ្ញៀវទេសចរច្រើន តែឥន្រ្ទីទាំងនោះក៏សមនឹងទទួលបានអាហារហូរហៀរបែបនេះដែរ ព្រោះពួកគេបានជួយដល់វិស័យទេសចរណ៍ដ៏ច្រើននៅលើកោះឡាំងកាវីដែលមានប្រជាជនរស់នៅជាង១០ម៉ឺននាក់។ Lang ជាភាសាម៉ាឡេស៊ីប្រែមកថា “ឥន្រ្ទី” រីឯ Kawi ប្រែថា “ពណ៌ក្រហម ឬត្នោត” អ្នកខ្លះថាជាឈ្មោះថ្មនៅលើកោះនោះ។ ឡាំងកាវីមានសត្វឥន្រ្ទីរស់នៅប្រមាណជា៥០០ក្បាល។ របររកស៊ីដែលត្រូវប៉ាន់ជាងគេនៅលើកោះគឺទេសចរណ៍។ ហេតុដូច្នេះហើយទើបបុរសម្នាក់ដែលបើកបររថយន្តឱ្យខ្ញុំគាត់មានលទ្ធភាពយកប្រពន្ធដល់ទៅពីរឯណោះក្នុងពេលតែមួយ ដោយគ្រាន់តែមានរបររកស៊ីជាអ្នកបើកបរ (ពិតជាខ្លាំង!)។
វិលមករឿងរ៉ាវនៅឯកិច្ចប្រជុំវិញ តើមានអ្វីប្លែក?
ក្នុងនាមជាម្ចាស់ផ្ទះ ម៉ាឡេស៊ីពិតជាមានមហិច្ឆតាធំដែលបានរៀបចំឯកសារផែនការអាទិភាពរហូតដល់៥ទំព័រ។ សរុបទាំងលើកនេះ ម៉ាឡេស៊ីបានធ្វើម្ចាស់ផ្ទះអាស៊ាន៥លើកហើយ (១៩៧៧, ១៩៩៧, ២០០៥, ២០១៥ និង ២០២៥)។ លោក Anwar Ibrahim មានផែនការអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកប្រជុំជាមួយអាស៊ាន (ASEAN GCC + China Summit) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ចួនគ្នានឹងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១ (១០ប្រទេស) នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥។ លោកក៏ត្រៀមអញ្ជើញមេដឹកនាំដែលពិបាកទស្សន៍ទាយមុន គឺលោក ដូណាល់ ត្រាំ ឱ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាចុងឆ្នាំនេះដែរ។ ជាទម្លាប់ លោក ស៊ី ជីនពីង មិនដែលចូលរួមកិច្ចប្រជុំអាស៊ានម្តងណាឡើយ លោកតែងបញ្ជូននាយករដ្ឋមន្រ្តីមកជំនួស។
មីយ៉ាន់ម៉ា និងអាស៊ានឌឺដងដាក់គ្នា៖
លោក អូង ខ ម៉ូ (Aung Kyaw Moe) លេខាអចិន្រ្តៃយ៍តំណាងឱ្យរបបយោធាមីយ៉ាន់ម៉ា បានថ្លែងបែបចង់បន្ទោសអាស៊ានថា ដោយសារតែអាស៊ាន៩ប្រទេសបានចេញផែនការ៥ចំណុចឱ្យមីយ៉ាន់ម៉ាអនុវត្តនោះហើយ ដែលធ្វើឱ្យសភាពការណ៍នៅប្រទេសគាត់មានបញ្ហាកាន់តែធ្ងន់ធ្ងរទៅ នោះគឺការកើនឡើងនូវក្រុមឧទ្ទាម សកម្មភាពខុសច្បាប់ និងអំពើហិង្សាកាន់តែច្រើន និងខ្លាំងជាងមុន។ លោក ម៉ូ ក៏បានបញ្ជាក់ថា នៅមីយ៉ាន់ម៉ាសព្វថ្ងៃមានក្រុមប្រដាប់អាវុធរហូតដល់ជាង២០០ក្រុមឯណោះ។ ឆ្លើយតបទៅកាន់លោក ម៉ូ វិញ អាស៊ានថាដោយសារតែដើមចមនៃការធ្វើរដ្ឋប្រហាររបស់លោកនោះហើយទើបមានសេចក្តីសម្រេច៥ចំណុចរបស់អាស៊ាន។ សេចក្តីសម្រេច៥ចំណុច (Five-Point Consensus) គឺជាឯកសារសំខាន់ដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីការឆក់យកអំណាចដោយរបបយោធានៅភូមា (មីយ៉ាន់ម៉ា) ក្នុងខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេចនេះផ្តោតលើ៖ ១. បញ្ឈប់អំពើហិង្សាជាបន្ទាន់ ២. បើកកិច្ចសន្ទនារវាងភាគីពាក់ព័ន្ទដើម្បីស្វែងរកដំណោះស្រាយ ៣. ផ្តល់ជំនួយមនុស្សធម៌ ៤. បញ្ជូនប្រេសិតពិសេសរបស់អាស៊ានទៅមីយ៉ាន់ម៉ា និងទី៥. ប្រេសិតពិសេសអាចជួបជាមួយភាគីពាក់ព័ន្ធ។
ទាក់ទងនឹងប្រេសិតពិសេសនេះ ប្រទេសបី (ព្រុយណេ កម្ពុជា និងឥណ្ឌូនេស៊ី) ដែលធ្វើប្រធានអាស៊ាន (នៅឆ្នាំ២០២១ ២០២២ និង២០២៣) បានតែងតាំងរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនឱ្យធ្ចើជាប្រេសិតពិសេស ដោយឡែកប្រទេសឡាវដែលធ្វើប្រធានអាស៊ាននៅឆ្នាំ២០២៤ បានតែងតាំងអនុរដ្ឋមន្រ្តីរបស់ខ្លួន។ ឥឡូវចូលដល់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ សារព័ត៌មានថៃក៏បានចេញផ្សាយថា “Malaysia's has appointed diplomat Othman Hashim as the Southeast Asian bloc ASEAN's special envoy on the crisis in army-ruled Myanmar…”។
មួយថ្ងៃក្រោយមក សារព័ត៌មានខ្មែរដ៏ល្បីមួយបានដកស្រង់យកមកផ្សាយបន្តដោយសរសេរថា “អ្នកការទូតជើងចាស់កម្ពុជា លោក អូស្មាន ហាស្សាន់ (Othsman Hassan) ត្រូវបានម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥នេះ ត្រៀមតែងតាំងធ្វើជាប្រេសិតពិសេសសម្រាប់ដោះស្រាយវិបត្តិនយោបាយនៅភូមា។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ Thai PBS នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងថា ការប្រកាសតែងតាំងលោក អូស្មាន ហាស្សាន់ ជាផ្លូវការនឹងធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននាសប្តាហ៍ក្រោយ។ ទោះយ៉ាងណា គេនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដែលធ្វើឱ្យម៉ាឡេស៊ីសម្រេចយកអ្នកការទូតជើងចាស់កម្ពុជាធ្វើជាប្រេសិតពិសេស ជំនួសឱ្យការយកអ្នកការទូតរបស់ខ្លួនទៅវិញ…”។ សូមបញ្ជាក់ថា នេះគ្រាន់តែជាការបកប្រែខុស និងមានការយល់ច្រឡំរបស់អ្នកសារព័ត៌មានដែលពុំបានពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញតែប៉ុណ្ណោះ ព្រោះប្រេសិតពិសេសត្រូវតែជាមនុស្សរបស់ប្រទេសដែលខ្លួនជាប្រធានអាស៊ាន មិនមែនអ្នកដទៃនោះឡើយ។
ម៉ាឡេស៊ីចង់ទាញទីម័រខាងកើតចូលអាស៊ានឆ្នាំនេះ៖
លើកទីមួយហើយដែលម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ ហ៊ានអះអាងយ៉ាងចំហថា អាស៊ានជាតំបន់នៃប្រទេស១១ មិនមែនត្រឹម១០នោះទេ។ ការនិយាយបែបនេះរបស់លោក Haji Hasan រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី គឺចង់សំដៅទៅលើការទាញប្រទេសទីម័រខាងកើតឱ្យចូលជាសមាជិកទី១១របស់អាស៊ាននៅឆ្នាំនេះ។ រឿងចូលបានឬមិនបាន វាក៏អាស្រ័យទៅលើការខិតខំប្រឹងប្រែងដោយទីម័រខ្លួនឯង និងត្រូវឡប់ប៊ីប្រទេសចំនួនបីក្នុងអាស៊ាន៖ ឥណ្ឌូនេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា (ម៉ាឡេស៊ីធ្លាប់ប្រើសម្តីថ្លោសៗដាក់មីយ៉ាន់ម៉ា ជាពិសេសលើរបបយោធា Ming Aung H’laing”) ដូចនេះ បើមីយ៉ាន់ម៉ាជំទាស់ក៏ទៅមិនរួចដែរ ព្រោះអាស៊ានត្រូវការសំទ្បេងជាឯកច្ឆន្ទ។ ប្រទេសដទៃទៀតមិនជំទាស់ទេ រួមទាំងកម្ពុជាផងដែលបានដើរតួនាទីជួយបន្ថែមល្បឿនឱ្យចូលបានកាន់តែឆាប់។
រដ្ឋមន្ត្រីការបរទេសវៀតណាម និងឡាវខ្ចីដៃអ្នកសារព័ត៌មាន៖
អាចជាការសន្និដ្ឋានជ្រុលបន្តិចក៏ថាបានសម្រាប់រូបខ្ញុំដែលនៅពីក្រៅឆាក ព្រោះតាមការអង្កេតរបស់ខ្ញុំ នៅពេលមួយនោះ ខណៈដែលកិច្ចប្រជុំមិនទាន់ចប់ផង ស្រាប់តែរដ្ឋមន្រ្តីការបរទេសវៀតណាមនិងឡាវបានចេញមកក្រៅតែពីរនាក់ ហើយមកឈរនៅចំពីមុខអ្នកសារព័ត៌មានរាប់សិបនាក់ដែលកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំ។ ថ្នាក់ដឹកនាំទាំងពីរបានឈរពិភាក្សាគ្នាមួយសម្ទុះ រួចក៏ចូលទៅកន្លែងប្រជុំវិញនៅពេលដែលប្រទេសម្ចាស់ផ្ទះបានត្រៀមបន្ទប់ជាច្រើនសម្រាប់ថ្នាក់ដឹកនាំដែលមានបំណងចង់ជួបទ្វេភាគី។ យ៉ាងណាក៏ដោយ ខ្ញុំអាចសង្ខេបជាខ្លីថាថ្នាក់ដឹកនាំច្រើនណាស់នៅក្នុងពិភពលោក តែងឆ្លៀតខ្ចីដៃអ្នកសារព័ត៌មានដើម្បីផ្ញើសារជារូបភាព ជានយោបាយ ឬជាសារផ្សេងៗទៀតទៅកាន់ប្រជាជាតិនីមួយៗ និងទៅកាន់ពិភពលោក។ ពិតណាស់ ករណីនេះតូចណាស់ តែជាឧទាហរណ៍មួយ!
អាស៊ានរង់ចាំមើលលោក ដូណាល់ ត្រាំ៖
ការវិលមកកាន់តំណែងវិញរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យអាស៊ានសម្លឹងមើលមុខដាក់គ្នា និងសួរគ្នាទៅវិញទៅមកអំពីភាពមិនច្បាស់លាស់របស់លោក ត្រាំ ដែលធ្វើឱ្យគេពិបាកទស្សន៍ទាយបាន។ វិញ្ញាសាដំបូង ថាតើលោក ត្រាំ នឹងធ្វើការជាមួយអាស៊ានបានកម្រិតណា? តើលោក ត្រាំ នឹងវិលមកចូលរួមប្រជុំជាមួយអាស៊ានរាល់ឆ្នាំដូចមេដឹកនាំអាម៉េរិកមុនៗដែរឬទេ? កាលពីលោក ត្រាំ ធ្វើជាប្រធានាធិបតីអាម៉េរិកអាណត្តិមុន លោក ត្រាំ ចូលរួមប្រជុំតែម្តងគត់ក្នុងរយៈពេលបួនឆ្នាំ ហើយមិនពេញលេញទៅទៀត ពោលគឺចូលមួយភ្លែតក៏ចេញទៅវិញបាត់។
ដោយសារអាស៊ាន បេក្ខភាពរដ្ឋមន្រ្តីការពារជាតិថ្មីរបស់លោក ត្រាំ ត្រូវអាប់មុខ៖
លោក ដូណាល់ ត្រាំ បានស្នើលោក Peter Hegseth ជាបេក្ខភាពរដ្ឋមន្រ្តីការពារជាតិអាម៉េរិកថ្មីរបស់លោក ប៉ុន្តែត្រូវអាម៉ាស់មុខយ៉ាងខ្លាំងនៅឯព្រឹទ្ធសភាដែលគេឆ្កឹះសួរលោកឱ្យរាយឈ្មោះប្រទេសមួយឬពីរក្នុងចំណោមសមាជិកអាស៊ានទាំង១០ ដែលលោកមិនអាចឱ្យឈ្មោះបាន។ មកដល់ថ្ងៃនេះ (ទី២២ ខែមករា ឆ្នាំ២០២៥) បេក្ខភាពរបស់លោកនៅស្រពេចស្រពិលនៅឡើយ។
អាស៊ានមានប្រជាជនជិត៧០០លាននាក់ (៦៧៧លាន)៖
ចាប់តាំងពីចាប់កំណើតនៅឆ្នាំ១៩៦៧ អាស៊ានមានអាយុ៥៨ឆ្នាំហើយនៅឆ្នាំ២០២៥នេះ។ អាស៊ានមានសេដ្ឋកិច្ចធំលំដាប់ទី៥ក្នុងពិភពលោក ដោយមាន GDP ស្មើ ៣.៨ ពាន់ពាន់លានដុល្លារ។ បច្ចុប្បន្នអាស៊ានទាំង១០បូកបញ្ចូលគ្នាក្លាយជាកម្លាំងយក្សមួយនៅក្នុងពិភពលោក ប៉ុន្តែប្រទេសអាស៊ាននីមួយៗសុទ្ធតែមានរបៀបវារៈនៃកិច្ចប្រជុំ និងផលប្រយោជន៍រៀងៗខ្លួន។ និយាយមួយបែប អាស៊ានតែងនិយាយល្អពីសមាគមនៃប្រជាជាតិទាំង១០ប្រទេសនេះ នៅចំពោះមុខអ្នកដទៃ រួមទាំងមហាអំណាចចិន និងអាម៉េរិកផងដើម្បីបង្ហាញពីសក្តានុពល និងឥទ្ធិពលរបស់ខ្លួន ក៏ប៉ុន្តែនៅពីក្រោយខ្នងក៏មានលាក់ទុកកូនកាំបិត និងស្នាប់ដៃខ្លះដែរសម្រាប់អាស៊ានគ្នាឯង។ ណ្ហើយសូមស្លេះប៉ុណ្ណេះសិនចុះ និងសូមរង់ចាំអាននៅពេលក្រោយៗទៀត...
ដោយ៖ ពុយ គា