(រតនគិរី)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកគណៈប្រតិភូ និងក្រុមជំនាញ អញ្ជើញត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែន កម្ពុជា-វៀតណាម។

ការចុះត្រួតពិនិត្យនេះ អមដំណើរដោយលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ដែលហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្រ្តនេះ ក្នុងគោលដៅពង្រឹងការការពារសន្តិសុខជាតិ ពង្រឹងបណ្តាញផ្លូវគមនាគមន៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

នៅក្នុងដំណើរត្រួតពិនិត្យនេះ គណៈប្រតិភូបានត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគុណភាពផ្លូវ វឌ្ឍនភាពនៃការសាងសង់ និងបញ្ហាដែលកំពុងប្រឈម។

នាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម បានជជែកពិភាក្សាបន្ថែម ជាមួយក្រុមជំនាញ កងឯកភាពទទួលខុសត្រូវ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការកំណត់ពេលវេលាសម្រេចរបស់គម្រោង និងការដោះស្រាយបញ្ហាប្រឈមនានា ធានាបានថាការងារអនុវត្តត្រឹមត្រូវតាមពេលវេលាកំណត់។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានថ្លែងថា សំណង់ផ្លូវ និងសំណង់សិល្បៈការសំណង់មុខទឹកផ្សេងៗទាំងអស់ គោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេស សំដៅធានាឱ្យយរាល់សំណង់ មានសោភ័ណភាព មានគុណភាពរឹងមាំ និងសម្រេចបានជោគជ័យនូវភារកិច្ចជាប្រវត្តិសាស្ត្រ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

សមិទ្ធផលផ្លូវនេះ មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធព្រំដែនទេ វាគឺជាសរសៃឈាមសំខាន់មួយក្នុងការព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕