(រតនគិរី)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា និងសាខាមូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ ខេត្តរតនគិរី។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
បន្ទាប់ពីលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសប្បទាខេត្តរតនគិរី ធ្វើសេចក្តីរាយការណ៍ សង្ខេបស្តីវឌ្ឍនភាពការងារ របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តរួចមក, លោក ញ៉ែម សំអឿន អភិបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍វត្តមានលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាខាមូលនិធិជនពិការខេត្តរតនគិរី នាពេលនេះ។
លោកអភិបាលខេត្តសាទរ និងថ្លែងអំណរគុណ ចំពោះសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលដែលបានការដាក់ ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែទទួលផលពីផ្លែផ្កានៃសុខសន្តិភាព ដែលជាមរតកស្នាដៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានខិតខំប្រឹងប្រែងរកមកបានដោយលំបាក។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្តោតការយកចិត្ត ទុកដាក់ និងបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវ ប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍ មូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេសនោះគឺ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក ជា សុមេធី បានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តរតនគិរីដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់ សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។
ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះថា កើតចេញពីការខិតខំ ប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តរតនគិរី ក៏ដូចជាមន្ត្រីរាជការក្រោម ឱវាទទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ជា សុមេធី បានគូសបញ្ជាក់ថា ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទក្រសួង គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បាននិងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងលោកស្រីក៏បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជនមានពិការភាពចំនួន៥០នាក់ និងសួរសុខទុក្ខកុមារ SOS នៅក្នុងសង្កាតកាចាញក្រុងបានលុង។
នៅក្នុងមានជនពិការភាពម្នាក់ៗទទួលបានអង្ករ១បាវ,មី១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ស្ករសរ១កញ្ចប់,អំបិល១កញ្ចប់និងថវិកា៥ម៉ឺនរៀល។ដោយឡែកភូមិកុមារSOSទទួលបានមីជាតិ១០កេស,ទឹកត្រី១០យួរ,ទឹកស៊ីអ៊ីវ១០យួរ,ប្រេងឆា១០ដបនិងថវិកា២លានរៀលផងដែរ៕