(CNN)៖ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វកម្រជាច្រើន នៅក្នុងឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែមករា។

ការស្រាវជ្រាវរបស់អង្គការ Fauna & Flora ក៏បានរកឃើញផងដែរនូវប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃជាដើម ព្រមទាំងបានរកឃើញ និងកត់ត្រាប្រភេទសត្វ និងរុក្ខជាតិ ជាច្រើនប្រភេទជាលើកដំបូងផងដែរនៅប្រទេសកម្ពុជា ដូចជាឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។ លោក Pablo Sinovas ជាប្រធានអង្គការ Fauna & Flora ប្រចាំប្រទេសកម្ពុជា បានប្រាប់ CNN ថាតាមរយៈវីដេអូថា តំបន់ដែលសត្វកម្រទាំងនោះបង្ហាញខ្លួនស្ទើរតែមិនត្រូវបានគេរុករកនោះទេ ហើយក៏សឹងតែមិនមែនមានព័ត៌មានអំពីជីវៈចម្រុះនៃឧទ្យានជាតិវិរៈជ័យទៀតផង។ លោកបន្តថា «យើងបានរកឃើញប្រភេទសត្វកម្រជាច្រើនដែល កំពុងរងការគំរាមកំហែង។ ប៉ុន្តែ ឧទ្យានជាតិវិរៈជ័យមានសក្តានុពលក្នុងការផ្ដល់នូវជម្រកមួយយ៉ាងរឹងមាំ ដើម្បីធ្វើឱ្យប្រាកដថាប្រភេទសព្វកម្រទាំងនោះនឹងមិនផុតពូជ។

គួរបញ្ជាក់ថា បើតាមអង្គការ Fauna & Flora កាមេរ៉ាចំនួន១៥០គ្រឿងត្រូវបានបង្កប់ដើម្បីថតទុកសកម្មភាពរបស់សត្វ ក្នុងនោះរួមមានសត្វឈ្លូសយក្សដែលត្រូវបានថតជាប់ក្នុងឆ្នាំ២០២១។ ឧទ្យានជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋ មួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានផ្ទៃដីទំហំ៤០៥ ៧៦៦ ហិកតា ស្ថិតនៅភូមិភាគឦសានជាប់នឹងប្រទេសឡាវ និងប្រទេសវៀតណាម និងជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ ណាផេ្សងឡើយក្នុងពិភពលោកនេះ និងជាពិសេសនៅមានប្រភេទ សត្វជាច្រើន ដែលមិនទាន់រកឃើញនៅឡើយ។ ជាមួយវិសាលភាពធំធេង ឧទ្យានជាតិវីរៈជ័យនៅមានកន្លែងជាច្រើន ដែលមិនទាន់ត្រូវបានរុករក និងស្រាវជា្រវ៕