(ព្រះសីហនុ)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ បានប្រារព្ធធ្វើឡើងមួយថ្ងៃពេញនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និងលោក សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ។
ក្នុងនោះក៏មានការចូលរួមពីលោក ប្លង់ សំណាង លោក សេង នាង ចៅក្រមតុលាការកំពូល លោក កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក សាមុត សុធារិទ្ធ អភិបាលរង តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក លោកស្រី ជាអនុប្រធាន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លោក លោកស្រី ជាប្រធាន ព្រះរាជអាជ្ញា ចៅក្រម ប្រធាននាយកដ្ឋាន ប្រធានលេខា ក្រឡាបញ្ជី នៃសាលាដំបូងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែប និង សរុបចំនួន១៣៦នាក់។
ជាកិច្ចចាប់ផ្តើម អគ្គព្រះរាជអាជ្ញា លោកប្រធាន បានថ្លែងសុន្ទរកថាស្វាគមន៍ និងប្រកាសបើកអង្គសន្និបាត។ លោក លឹម ស៊ីណាត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ បានឡើងអានរបាយការណ៍ស្តីពីការបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ ដូចមានខ្លឹមសារ បញ្ជាក់ក្នុងរបាយការណ៍យ៉ាងក្បោះក្បាយ។
ក្រោយពីបានស្តាប់ និងពិនិត្យរបាយការណ៍យ៉ាងយកចិត្តទុកដាក់រួចមក អគ្គព្រះរាជអាជ្ញា បានថ្លែងសុន្ទរកថា អន្តរាគមន៍ ដោយបានរំលេចនូវអត្ថន័យសំខាន់ៗដែលមានខ្លឹមសារថា៖
*ទី១៖ សន្និបាតនាពេលនេះ គប្បីលើកប្រធានបទឲ្យកាន់តែស៊ីជម្រៅថែមទៀតទៅលើការធ្វើអធិការកិច្ចនៅអង្គការអយ្យការ-មន្ទីរស៊ើបសួរនៃសាលាដំបូង, ពន្ធនាគារ និងនគរបាលយុត្តិធម៌គ្រប់ផ្នែក ដើម្បីពង្រឹងការបង្កសំណុំរឿងរហូតដល់ការសម្រេចសេចក្តីពោរពេញដោយគុណភាព។
*ទី២៖ ត្រូវពង្រឹងជាចាំបាច់នូវកិច្ចដំណើរការរដ្ឋបាល ដើម្បីឲ្យមានសេវាគាំទ្ររឹងមាំ និងមានភាពច្បាស់លាស់ ធ្វើយ៉ាងណាអនុវត្តឲ្យបាននូវអភិក្រមការងាររបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។ ការងារបន្ថែមថ្មីទៀត ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនោះគឺ «យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតំបន់ដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ព្រះសីហនុ យើងនេះ» និង «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។
ជាកិច្ចបន្ត លោក សុខ កល្យាណ បានថ្លែងសុន្ទរកថា អន្តរាគមន៍ ដែលមានខ្លឹមសារសំខាន់ៗជាអាទិ៍៖
*ទី១៖ អំពីស្ថិតិ និងវឌ្ឍនភាពនៃការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ និងរឿងក្តីរដ្ឋប្បវេណី នៅសាលាឧទ្ធរណ៍ព្រះសីហនុ ក្នុងឆ្នាំ២០២៤ ព្រមទាំងសំណុំរឿងក្តីផ្សេងទៀតនៅតាមសាលាជម្រះក្តីក្នុងតំបន់ឧទ្ធរណ៍ព្រះសីហនុ។
*ទី២៖ ក្រៅអំពីការងារស្នូលក្នុងសាលាឧទ្ធរណ៍ សាលាជម្រះក្តីក្នុងតំបន់ ត្រូវយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ រួមមាន៖ ១៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំងណែនាំឱ្យចៅក្រម ព្រះរាជអាជ្ញា ប្រតិបត្តិដោយម៉ត់ចត់នៅបទល្មើសជាអាទិភាពចំនួន ៣ គឺ៖ បទល្មើសគ្រឿងញៀន បទល្មើសចរាចរណ៍ និងអត្រានុកូលដ្ឋាន។
ជាលទ្ធផលទាំងសាលាឧទ្ធរណ៍ និងសាលាជម្រះក្តីក្នុងតំបន់ឧទ្ធរណ៍ព្រះសីហនុ បានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់នៃវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយមោនភាព។
*ទី៣៖ ទន្ទឹមនឹងលទ្ធផលការងារខាងលើ លោកបានកត់សម្គាល់ឃើញភាព ខ្វះខាតមួយចំនួនដែលត្រូវធ្វើការកែលំអរ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារឲ្យល្អប្រសើរ បន្ថែមទៀតក្នុងវត្ថុបំណងឆ្លើយតបទៅនឹងគោលនយោបាយថ្នាក់ជាតិ ក៏ដូចគោលនយោ បាយរបស់ក្រសួងយុត្តិធម៌។
*ទី៤៖ ចៅក្រម ព្រះរាជអាជ្ញា នៅសាលាជម្រះក្តីក្នុង តំបន់ឧទ្ធរណ៍ព្រះសីហនុ ត្រូវចេញសាលក្រម ឬសាលដីកាយ៉ាងយូរពីរសប្តាហ៍, ត្រូវជូនដំណឹងអំពីសាលក្រម និងសាលដីកាកំបាំងមុខ ឲ្យបានត្រឹមត្រូវតាមនីតិវិធី, ការតាក់តែងសាលក្រម ឬ សាលដីកា ត្រូវសរសេរអង្គហេតុឲ្យបានគ្រប់ជ្រុង ជ្រោយជៀសវាងខុសឈ្មោះ ខុសថ្ងៃ ខែ ឆ្នាំកំណើតជនជាប់ចោទជាដើម។ ចំពោះរឿងរដ្ឋប្បវេណី ត្រូវពិនិត្យបណ្តឹង និងរៀបចំចំណុចវិវាទឲ្យបានត្រឹមត្រូវ, ដីការក្សាការពារត្រូវកំណត់ប្រភេទចាត់ចែងរក្សាការពារឲ្យបានច្បាស់លាស់៕