(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គ្រោងធ្វើសមយុទ្ធដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៥» នាពេលខាងមុខនេះ ខណៈសមយុទ្ធនេះនឹងធ្វើឡើងជាទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ទាំងលើគោក និងលំហរសមុទ្រ។ នេះបើយោងតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ មន្រ្តីអ្នកនាំពាក្យអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា «ការសមយុទ្ធនាគមាស ឆ្នាំ២០២៥ ធំជាងបណ្តាឆ្នាំមុន ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ»

បើតាមអ្នកនាំពាក្យរូបនេះ បានឲ្យដឹងផងដែរថា នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៧ហើយ រវាងកងទ័ពកម្ពុជា-ចិន ដែលគ្រោងធ្វើនៅទឹកដីកម្ពុជា ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

អ្នកនាំពាក្យបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ក្រុមការងារសមយុទ្ធនាគមាសភាគីចិន ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស លុក ហៅវិន នាយរងនាយកដ្ឋានហ្វឹកហ្វឺនចម្រុះ នៃសេនាធិការចម្រុះ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន បានមកដល់កម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយសមភាគីកម្ពុជា លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ ព្រមទាំងបានចូលជួបសំដែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទផងដែរ ដើម្បីពិភាក្សាលើរបៀបវារៈនៃការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានឲ្យដឹងទៀតថា ក្នុងជំនួបពិភាក្សាលើកទី១ ក្រុមការងារនៃភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃ អំពីពេលវេលា ទីកន្លែងធ្វើសមយុទ្ធ និងខ្លឹមសារនៃប្រធានបទ។ ឯលទ្ធផលសម្រេចយ៉ាង ណានោះ ក្រុមការងារប្រទេសទាំងពីរនឹងពិភាក្សាគ្នាជាលើកទី២បន្តទៀត នៅប្រទេសចិន។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា «ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌តែប៉ុណ្ណោះ ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ការដកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្មនៅក្នុងប្រទេសនីមួយៗ និងនៅក្នុងតំបន់ផងដែរ ហើយមិនមានបំណងគំរាមកំហែងធ្វើឱ្យ ប៉ះពាល់ដល់ប្រទេសណាមួយឡើយ»

សូមបញ្ជាក់ថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជាផងដែរ៕