(ភ្នំពេញ)៖ ឆ្លើយតបចំពោះក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ចំពោះកម្រិតគុណភាពខ្យល់នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញរថយន្ដចល័តដើម្បីពិនិត្យគុណភាពខ្យល់។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងថា ការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះការចែកចាយនៅតាមបណ្ដាញសង្គម។
បើតាមលោក ខ្វៃ អាទិត្យា, ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់នៅកម្ពុជា បានកើនឡើងដល់កម្រិតជាង៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិតនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា កម្រិតនេះស្ថិតនៅក្រោមបន្ទាត់ក្រហមនៃការប្រកាសអាសន្ន ហើយក្នុងករណីនៅបន្ដកើនឡើងក្រសួងបរិស្ថាន នឹងចេញជូនដំណឹងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់។
សូមជម្រាបថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការចុះអ័ព្ទនេះគឺចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចន្លោះចាប់ពីម៉ោង២៖០០រំលងអធ្រាត្រ ទៅម៉ោង៧៖០០ព្រឹក៕