(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៥នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។
បើតាមសេចក្ដីរាយការណ៍, ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់២នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លាប់២នាក់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស២នាក់ និងស្រី២នាក់) ហើយជនរងគ្រោះទាំង៤នាក់ មានអាយុច្រើន ហើយប្រហែលជាខ្សោយខ្លាំងទើបបណ្តាលឲ្យស្លាប់ពេលប្រជ្រៀតគ្នានៅទីនោះ។
សូមជម្រាបថា ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕