(ភ្នំពេញ)៖ មានការលើកឡើងផ្សេងៗពីក្រុមអ្នកវិភាគទាំងឡាយជុំវិញនយោបាយរបស់មេដឹកនាំសហរដ្ឋ អាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីរូបលោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លើកទី៤៧។ ការវិភាគបានពិនិត្យមើលលើដំណើរនយោបាយរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងប្រទេសចិន និងរុស្ស៊ី ដែលជាប្រទេសនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្នានិងគ្នា។
Fresh Exclusive មានអត្ថបទវិភាគមួយរបស់ខ្លួនក្រោមចំណងជើងថា តើចិននិងរុស្ស៊ី អាចភ្លាត់ស្នៀតនឹងល្បិចកលយុទ្ធសាស្ត្រ «បំបែកនិងត្រួតត្រា» Divide and Conquer របស់សហរដ្ឋអាមេរិកទៀតដែរឬទេ?
ឥរិយាបថនយោបាយរបស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការតាមដានដោយយកចិត្តទុកដាក់បំផុតរបស់សកលលោក។ ការឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីលើកទី៤៧ របស់សហរដ្ឋអាមេរិក បើទោះបីជាមានយុទ្ធនាការបានផ្តោតលើផលប្រយោជន៍នយោបាយក្នុងស្រុក America First យ៉ាងណាក៏ដោយ ប៉ុន្តែល្បិចស្នៀត វាយស្តាំ ជន្លឆ្វេង និងល្បិចកលយុទ្ធសាស្ត្រជាពិសេស «បំបែកនិងត្រួតត្រា» Divide and Conquer គឺជាអ្វីដែលពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងក្រៃលែង។
ក្រោយការចាកចេញពីតំណែង, លោក ចូ បៃដិន បានបន្សល់ទុកនូវភាពរញ៉េរញ៉ៃមួយចំនួន ដែលលោក ដូណាល់ ត្រាំ សន្យាថានឹងសំអាតអ្វីទាំងនោះចោលចេញ ជាពិសេសសង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា និងបញ្ហានានាមួយចំនួនទៀត ប៉ុន្តែដើម្បីឱ្យនយោបាយសម្អាតទាំងនេះ អាចធ្វើដំណើរទៅមុខដោយរលួនបានសហរដ្ឋអាមេរិក ត្រូវគេគិតថានឹងមិនចោលនូវល្បិចយុទ្ធសាស្ត្រចាស់ៗដ៏មានជោគជ័យរបស់ខ្លួន ដើម្បីការទាញយកចំណេញផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកឡើយ។ ក្នុងវិធីសាស្ត្រនេះ មានសំណួរមួយបានដាក់ចេញមកថា តើសហរដ្ឋអាមេរិក នឹងត្រូវប្រើវិធីសាស្ត្រ ងាកទៅរករុស្ស៊ី ឬទៅរកចិន ដើម្បីធ្វើកិច្ចការសន្យារបស់ខ្លួនទទួលបានផលប្រយោជន៍?
- Fresh Exclusive សូមសាកល្បងវិភាគដូចតទៅនេះ…
*យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក «បំបែកនិងត្រួតត្រា»
ក្នុងអំឡុងសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក ធ្លាប់បានប្រើវិធីនោះ រុញច្រានដោយជោគជ័យនូវការបំបែកមិត្តភាពរវាងប្រទេសចិន និងអតីតសហភាពសូវៀត តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Nixon ទៅកាន់ប្រទេសចិនក្នុងឆ្នាំ១៩៧២។ យុទ្ធសាស្ត្រនោះ បានផ្លាស់ប្តូរប្រទេសនៃថាមពលសកល ដោយធ្វើឱ្យអតីតសហភាពសូវៀតឯកោ និងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។ ដូច្នេះការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយ ក្នុងការធ្វើឱ្យចុះខ្សោយនៃអ័ក្សចិន-រុស្សី ដែលកំពុងរីកចម្រើន ជាពិសេសនៅពេលដែលប្រទេសទាំងពីរពង្រឹងផ្នែកខាងសេដ្ឋកិច្ច និងយោធា។
យុទ្ធសាស្ត្របំបែកចិន និងរុស្ស៊ី ចេញពីគ្នាត្រូវគេរំពឹងថា នឹងធ្វើឱ្យប្រទេសទាំង២ កាន់តែពិបាកក្នុងការចង់រួមគ្នាប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក មិនថាក្នុងវិស័យពាណិជ្ជកម្ម យោធា ឬនៅតាមស្ថាប័នអន្តរជាតិណាមួយនោះទេ។ ដូច្នេះយុទ្ធសាស្ត្របំបែកនិងត្រួតត្រា គឺជាយុទ្ធសាស្ត្រមួយ ដែលធ្លាប់មានប្រវត្តិប្រើប្រាស់ដោយសហរដ្ឋអាមេរិក ក្នុងការបំបែកអតីតសហភាពសូវៀត ចេញពីប្រទេសចិន និងប្រទេសដែលទទួលផលប្រយោជន៍ចុងក្រោយ គឺសហរដ្ឋអាមេរិក។
*មេដឹកនាំចិននិងរុស្ស៊ី ប្រញាប់ពង្រឹងសាមគ្គីភាព
ក្រោយពេលលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងភ្លាម មេដឹកនាំចិនលោក ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើកិច្ចពិភាក្សាគ្នាតាមប្រព័ន្ធ On line ដែលជាការត្រៀមទុកជាមុនបង្កាយុទ្ធសាស្ត្របំបែកបំបាក់របស់សហរដ្ឋអាមេរិក។ កិច្ចពិភាក្សាគ្នា បានបញ្ជាក់ពី «ផែនការថ្មីសម្រាប់ការអភិវឌ្ឍភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររុស្ស៊ី-ចិន» និងការឈានទៅរកទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យកាន់តែខ្ពស់។
ជំនួបពិភាក្សានេះ គឺក្នុងរង្វង់ដែលនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ មានទិសដៅលើការដាក់សម្ពាធសេដ្ឋកិច្ចចំពោះប្រទេសចិនផង និងដាក់សម្ពាធលើមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ផងដើម្បីរកការបញ្ចប់សង្គ្រាម។ លោក ដូណាល់ ត្រាំ បានបង្ហាញនូវបំណងចង់ដាក់សម្ពាធទៅលើប្រទេសចិន ដើម្បីឱ្យរដ្ឋាភិបាលក្រុងប៉េកាំងជួយធ្វើអន្តរាគមន៍ដើម្បីការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។
នាពេលនេះ កាយវិការរបស់សហរដ្ឋអាមេរិក ក៏កំពុងបង្ហាញនូវជំហរទន់ភ្លន់ខ្លះដាក់ទៅលើប្រទេសចិន ដូចជាការពន្យាពេលលើការហាមឃាត់កម្មវិធី TikTok ជាដើម ដែលហាក់ដូចជាការចង់ផ្តល់កាដូមួយសម្រាប់ចិនក្នុងពេលបុណ្យចូលឆ្នាំជិតមកដល់នេះ។ ប៉ុន្តែប្រវត្តិនៃការ បែកបាក់គ្នាដោយសារយុទ្ធសាស្ត្រ បំបែកនិងត្រួតត្រា ធ្លាប់ធ្វើឱ្យប្រទេសទាំង២ បានភ្លក្សរសជាតិជូរចត់ទៅហើយ។ គេនឹងរង់ចាំមើលថា តើប្រទេសចិននិងរុស្ស៊ី អាចនឹងភ្លក្សរសជាតិនេះ សាជាថ្មីវិញទៀតដែរឬទេ? ដូច្នេះអ្វីដែលត្រូវមើលពេលនេះ គឺដំណើរនយោបាយរបស់សហរដ្ឋអាមេរិក។
*តើសហរដ្ឋអាមេរិក នឹងងាកទៅរកចិន ឬងាកទៅរករុស្ស៊ី?
ប្រសិនបើគេចង់ដឹងថា តើលោក ដូណាល់ ត្រាំ នឹងបន្តគោលនយោបាយថ្មី ក្នុងអាណ្ណត្តិដឹកនាំរបស់លោក ដោយត្រូវងាកទៅកាន់រុស្ស៊ី ឬងាកទៅកាន់ប្រទេសចិន យើងគប្បីពិនិត្យមើលទៅលើកត្តាមួយចំនួនសិន រួមទាំងអាទិភាពភូមិសាស្ត្រនយោបាយរបស់លោក ការពិចារណានយោបាយក្នុងស្រុក និងភាពវិវត្តនៃសក្ដានុពលសកល។
*ប្រវត្តិរបស់លោក Trump ជាមួយរុស្ស៊ីនិងចិន
១៖ ទំនាក់ទំនងជាមួយរុស្ស៊ី៖ លោក Trump បានបង្ហាញពីឆន្ទៈជាប្រវត្តិសាស្ត្រក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរុស្ស៊ី។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ រវាងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១, លោក ដូណាល់ ត្រាំ តែងតែសង្កត់ធ្ងន់លើការសន្ទនាជាមួយលោក វ្ល៉ាឌីមៀ ពូទីន ទោះបីជាមានការរិះគន់នៅក្នុងរង្វង់សហរដ្ឋអាមេរិក…ប៉ុន្តែនៅជាមួយគ្នានោះ រដ្ឋបាលរបស់លោក បានដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលក្រុងមូស្គូ ជុំវិញបញ្ហាមួយចំនួនដូចជាការជ្រៀតជ្រែកការបោះឆ្នោត និងការដាក់រណបរបស់រុស្ស៊ី លើឧបទ្វីប គ្រីមៀ នោះជាដើម។ ទង្វើនយោបាយទាំង២នេះ បានឆ្លុះបញ្ចាំងពីសម្ពាធផ្ទៃក្នុងពីសភាផង និងតថភាពនយោបាយផងដែរ។ លោក Trump អាចនឹងពិនិត្យមើលលើការធ្វើឱ្យទំនាក់ទំនងមានភាពប្រសើរឡើងវិញជាមួយរុស្ស៊ី ដែលកិច្ចការនេះ គឺដើម្បីប្រឆាំងឥទ្ធិពលងើបឡើងរបស់ប្រទេសចិន។
២៖ ទំនាក់ទំនងជាមួយចិន៖ លោក Trump បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយលើកឡើងពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងការលួចកម្មសិទ្ធិបញ្ញា។ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ ធ្លាប់បានដាក់ពន្ធលើទំនិញចិន ក្នុងតម្លៃរាប់ពាន់លានដុល្លាររួចមកហើយ។ សង្គ្រាមពាណិជ្ជកម្មនេះ គឺជាវិធីកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិក លើប្រទេសចិន ដោយនាំយកការផលិត វិលត្រឡប់ទៅធ្វើនៅសហរដ្ឋអាមេរិកវិញ ឬធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ទៅកាន់ប្រទេសដទៃទៀត។ លោក Trump ជារឿយៗ បានចាត់ទុកប្រទេសចិនជាគូប្រជែងដ៏សំខាន់របស់អាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ដូច្នេះទំនាក់ទំនងដ៏ស្មោះត្រង់ជាមួយនឹងប្រទេសចិន ទំនងនឹងមិនអាចមានភាពយូរអង្វែងបានឡើយ។
*តើគោលដៅភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិក នឹងបង្វែរទៅទីណា?
ប្រសិនបើលោក Trump ចង់ព្យាយាមរារាំងឥទ្ធិពលពិភពលោកដែលកំពុងកើនឡើងដោយសារប្រទេសចិន លោកអាចនឹងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី។ ទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូ អាចផ្តោតលើផលប្រយោជន៍ថាមពលទៅវិញទៅមក ឬកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធ ដោយមិនគិតពីប្រទេសចិនឡើយ។
ដូច្នេះវាដូចជាតិចណាស់ ដែលថាលោកTrump នឹងផ្អៀងទៅកាន់ប្រទេសចិន បើយោងតាមកំណត់ត្រាតាមដាននូវទង្វើរបស់លោកកន្លងមក ប៉ុន្តែការផ្លាស់ប្តូរដ៏មានសក្តានុពលក៏អាចនឹងកើតឡើងបាន ប្រសិនបើលោកស្វែងរកសម្បទានលើពាណិជ្ជកម្ម ឬបញ្ហាទាក់ទងនឹងកូរ៉េខាងជើង។ ការសម្រេចចិត្តរបស់លោក Trump ត្រូវគេឃើញថា ច្រើនតែត្រូវបានកំណត់ដោយអាទិភាពជាមូលដ្ឋានរបស់លោក។ អ្នកគាំទ្ររបស់ ដូណាល់ ត្រាំ ជាទូទៅពេញចិត្តនឹងជំហរតឹងរ៉ឹងលើប្រទេសចិន ដោយសារតែការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ។ ផ្ទុយទៅវិញដែរ បើសិនជាមានការកែលម្អទំនាក់ទំនងរវាងអាមេរិកជាមួយរុស្ស៊ី ក៏អាចប្រឈមមុខនឹងការប្រឆាំងនៅក្នុងស្រុកផងដែ ឬប៉ុន្តែការប្រឆាំង នឹងមានលក្ខណៈ តិចជាងពេលមុន។
លោក Trump មានការសង្ស័យចំពោះ NATO និងកិច្ចព្រមព្រៀងពហុភាគី។ ដូច្នេះទំនាក់ទំនងដែលប្រសើរឡើងជាមួយរុស្ស៊ី អាចនឹងរងការរិះគន់ចំពោះសម្ព័ន្ធភាពជាប្រពៃណី។ ម្យ៉ាងទៀត ភាពពាក់ព័ន្ធខ្លាំងពេកជាមួយរុស្ស៊ី ក៏អាចផ្តាច់សម្ព័ន្ធមិត្តអឺរ៉ុបផងដែរ ខណៈគោលជំហរទន់ខ្សោយរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសចិនវិញ គឺវាអាចនឹងធ្វើឱ្យខូចទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកសំខាន់ៗ ដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី ផងដែរ។ ដូច្នេះសេណារីយ៉ូដែលសហរដ្ឋអាមេរិក ទំនងនឹងធ្វើដំណើរទៅរកត្រូវគេមើលឃើញថា នឹងមានទំនោរឆ្ពោះទៅប្រទេសរុស្ស៊ី។ ហេតុអ្វី?
វាទំនងជាប្រសើរប្រសិនបើលោក Trump ឃើញរុស្ស៊ីជាដៃគូដ៏មានសក្តានុពលក្នុងការទប់ទល់នឹងការកើនឡើងរបស់ចិន។
កិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ី អាចផ្តោតលើកិច្ចព្រមព្រៀងថាមពល ការរុករកអវកាស ឬកាត់បន្ថយអាវុធនុយក្លេអ៊ែរ បើទោះបីជាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី មានហានិភ័យបង្វែរសម្ព័ន្ធមិត្តអង្គការណាតូ និងការរងប្រតិកម្មក្នុងស្រុកជុំវិញការយល់ឃើញពីភាពនិយមរបស់រដ្ឋបាលដូណាល់ ត្រាំ ចំពោះលោកពូទីន ក៏ដោយ។
*ការប្រឈមមុខដាក់គ្នាជាបន្តជាមួយចិន
Trump ទំនងជានឹងរក្សា ឬបង្កើនវិធីសាស្រ្តរឹងរូសរបស់លោក ចំពោះប្រទេសចិន ដោយផ្តោតលើអតុល្យភាពពាណិជ្ជកម្ម ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា (ឧទាហរណ៍ AI, 5G) និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូងជាដើម។ វិធីសាស្រ្តនេះ ស្របតាមការឯកភាពទ្វេភាគីក្នុងសភារបស់គណបក្សទាំង២នៅក្នុងសហរដ្ឋអាមេរិក ដែលតែងចោទថា ចិនមានមហិច្ឆតាសកលចង់គ្រប់គ្រងពិភពលោក។
យើងអាចវាយតម្លៃបានថា ខណៈពេលដែលលោក Trump អាចមានគោលបំណងចង់ធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចទាំងពីរ ជំហរជាប្រវត្តិសាស្ត្ររបស់លោកបានបង្ហាញថា លោកធ្លាប់ប្រើវិធីសាស្រ្ត តឹងតែងដាក់ទៅលើប្រទេសចិន។ រុស្ស៊ីអាចទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការដែលមានកម្រិត ប៉ុន្តែការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពេញលេញរវាងសហរដ្ឋអាមេរិក ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ ហាក់ដូចជាមិនទំនងឡើយ ដោយសារភាពមិនទុកចិត្តគ្នា និងការប្រឆាំងរបស់សភាអាមេរិក។ នៅទីបំផុត គោលនយោបាយរបស់លោក Trump ទំនងជានឹងផ្តល់អាទិភាពចំពោះការប្រឆាំងដាក់លើប្រទេសចិន ដែលជាការគំរាមកំហែងរយៈពេលវែងដ៏សំខាន់បន្ថែមទៀតចំពោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
ដូច្នេះ ក្នុងពេលដែលសហរដ្ឋអាមេរិក មើលទៅហាក់ដូចជាបានបង្ហាញជំហរទន់ភ្លន់ខ្លះ ដាក់ទៅលើប្រទេសចិន ដូចជាការពន្យាពេលលើការហាមឃាត់កម្មវិធី TikTok ឬការចង់ប្រើប្រាស់ឥទ្ធិពលចិន ដើម្បីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះ គឺគ្រាន់តែជាយុទ្ធវិធី ជន្លឆ្វេង វាយស្តាំ និងយុទ្ធសាស្ត្រ «បំបែកនិងត្រួតត្រា» Divide and Conquer តែប៉ុណ្ណោះ។
យោងតាមយុទ្ធសាស្ត្រដដែល សហរដ្ឋអាមេរិក ដែលធ្លាប់រុញច្រានដោយជោគជ័យនូវការបំបែកមិត្តភាពរវាងប្រទេសចិន និងអតីតសហភាពសូវៀតនៅក្នុងឆ្នាំ១៩៧២ តាមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Nixon ក្នុងឆ្នាំ១៩៧២ ដោយធ្វើឱ្យរុស្ស៊ីឯកោនោះ អាចនឹងប្រើប្រាស់ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីវិញ ដើម្បីធ្វើឱ្យប្រទេសចិន ឯកោ។ តើចិននិងរុស្ស៊ី អាចភ្លាត់ស្នៀតនឹងល្បិចកលយុទ្ធសាស្ត្រ «បំបែកនិងត្រួតត្រា» របស់អាមេរិក ទៀតដែរឬទេ?