(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ឥណទានដល់គ្រឹះស្ថានហិរញ្ញវត្ថុ នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឥណទាន ផ្តល់ព័ត៌មានអំពីប្រតិបត្តិការឥណទាន និងការបង្ហាញអំពីបែបបទ នីតិវិធី ក្នុងការរៀបចំសំណើសុំចូលរួមជាស្ថាប័នហិរញ្ញវត្ថុដៃគូជាមួយគម្រោង ACSEP-PIU1 ដែលអនុវត្តដោយនិយ័តករបរធនបាលកិច្ច ជាអង្គភាពអនុវត្តគម្រោងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សិក្ខាសាលានេះដែរក៏មានការចូលរួមពីសមាជិក សមាជិកា និងទីប្រឹក្សារបស់ ACSEP-PIU1, តំណាងមកពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC), អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គភាពអនុវត្តគម្រោង ACSEP-PIU2 & PIU3 និងគ្រឹះស្ថានធនាគារចំនួន២៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥៕