(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនធំមួយនៅកម្ពុជា បានបន្ថែម ការបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារទៀត គម្រប់សរុប១លានដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា តាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ការប្រកាសបន្ថែមការបរិច្ចាគថវិការបស់ក្រុមហ៊ុន ជីប ម៉ុង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា។
លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុនជីប ម៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន ជីប ម៉ុង សូមបរិច្ចាគថវិកាបន្ថែម៥០ម៉ឺនដុល្លារទៀត ដែលកើនដល់សុរប១លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជាក្រោមការដឹកនាំដោយយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា»។
លោកបន្ថែមថា ការចូលរួមបរិច្ចាគនេះ គឺជាឆន្ទៈនៃការបន្តចូលរួមយ៉ាងសកម្ម ដែលប្រៀបដូចជាសរសសៃរឈាមក្នុងការទ្រទ្រង់សកម្មភាពក្នុងផ្នែកសុខាភិបាល និងបំផុសចលនាកៀរគរ ការចូលរួមពីកូនខ្មែរគ្រប់រូប ជាពិសេសដើម្បីពង្រឹង និងលើកម្ពស់គុណភាពនៃការផ្តល់សេវា និងការព្យាបាលជំងឺផ្សេងៗឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ជាពិសេសក្រុមហ៊ុន ជីប ម៉ុង ដែលបានចំណាយថវិកាបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផា ដែលនេះជាសកម្មមួយក្នុងការផ្តល់ភាពញញឹមដល់ទារក និងកុមារ ដែលធនធានដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមជម្រាបថា តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
លោកជំទាវបណ្ឌិតបានអំពាវនាវដូច្នេះថា «ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។
ភ្លាមៗបន្ទាប់ពីមានការអំពាវនាវនេះ ក្រុមហ៊ុន ជីប ម៉ុង នាពេលកន្លងទៅ ក៏បានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារជូនដល់មូលនិធិគន្ធបុប្ផាម្តងហើយ ហើយនៅពេលនេះ ក្រុមហ៊ុនក៏បានប្រកាសបន្ថែមការបរិច្ចាគ៥០ម៉ឺនដុល្លារទៀត ដែលសរុបការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាចំនួន១លានដុល្លារផងដែរ។
* សម្រាប់លិខិតថ្លែងអំណរគុណ បន្ទាប់ពីសប្បុរសជនបានបរិច្ចាគរួចរាល់ សូម Print Screen ចំនួនទឹកប្រាក់ដែលបរិច្ចាគ រួចផ្ញើទៅកាន់គ្រុប CoolApp របស់ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលីងខាងក្រោម៖
https://group.coolapp.chat/#CjQKIFGEaHdDE-hKi_3B3mGAfOa5LAgN-C9eg5k14PC8yRikEhDu7etYndSQUVOkD1ybmSLN
ស្កេន: QR Code ដែលបានភ្ជាប់ជូននៅខាងក្រោម ឬទាក់ទងលេខ៖ 016 808 905 , 061 70 1111