(ក្រចេះ)៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអភិបាលខេត្តជាអាជ្ញាធរដែនដី រួមជាមួយមន្ទីជំនាញ់ពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ក្នុងភូមិសាស្រ្តស្រុកឆ្លូង ខេត្តក្រចេះ។

ការបូមទឹកដាក់ស្រែដែលកំពុងរងគ្រោះនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន៤៨៣ហិកតាត្រូវបានសង្រ្គោះទាន់ពេលវេលា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្នុងឃុំស្រុក ដែលរងគ្រោះនៃខេត្តក្រចេះទាំងមូល។

កិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់មន្ថែម ដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងបានសហការជាប់ជាប្រចាំជាមួយ ប្រជាពលរដ្ឋក្នុងការកសាងមូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន។

កិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យក្រសួងពាក់ព័ន្ធនានានិងរដ្ឋបាលខេត្ត, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នា ឲ្យបានល្អជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តក្រចេះ បន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាពក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ-ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម-ការគ្រប់គ្រងរដ្ឋបាលដែនដី-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន-ការគ្រប់គ្រង និងការអភិវឌ្ឍន៍ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិ- និងការចុះបញ្ជីដីធ្លី។

ទេសរដ្ឋមន្ត្រី ស្នើឲ្យអាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងកង្វះខាតសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសហគមន៍៕