(តាកែវ)៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ, អាជ្ញាធរខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ចុះពិនិត្យដំណើរការអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនកសិករ ក្នុងស្រុកបាទី។

បន្ទាប់ពីចុះជួបសំណេះសំណាល និងដោះស្រាយជូនបងប្អូនកសិករក្រោយពីមានសំណូមពរកាលពីថ្មីៗ នារសៀលថ្ងៃទី២៣ ខែមករា ទេសរដ្ឋមន្រ្តី គន់ គីម បានចុះពិនិត្យជាលើកទី២ ដើម្បីតាមដានដំណើរការរបស់អាជ្ញាធរ និងមន្រ្តីជំនាញដែលកំពុងអន្តរាគមន៍បញ្ជូនទឹកទៅកាន់ប្រឡាយដែលប្រឈមគ្រោះរាំងស្ងួត។

អំឡុងចុះពិនិត្យ ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញខេត្តដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែលជួបប្រទះបញ្ហាកង្វះទឹក។ ជាក់ស្តែង មកដល់ថ្ងៃនេះ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងស្តារប្រឡាយ និងម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងដើម្បីបង្កើនលទ្ធភាពបញ្ជូនទឹកបំពេញប្រឡាយដែលខ្វះទឹក។

ទេសរដ្ឋមន្រ្តី គន់ គីម ពិនិត្យឃើញថា ទន្ទឹមនឹងអាជ្ញាធរដែនដីកំពុងមមាញឹកអន្តរាគមន៍ទឹក ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានសហការ និងសាមគ្គីគ្នាជួយជាកម្លាំង ដើម្បីឱ្យកិច្ចការអន្តរាគមន៍ទឹកនេះកាន់តែ មានល្បឿនលឿន ខណៈកសិករទាំងអស់នឹងចាប់ផ្តើមបូមទឹកស្រោចស្រពស្រូវប្រាំងរបស់ខ្លួនក្រោយរយៈពេល៤ថ្ងៃទៀត។

យ៉ាងណាមិញ ទេសរដ្ឋមន្រ្តី បន្តណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញក្នុងខេត្តផ្សេងទៀត ត្រូវបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកឱ្យបានដល់ស្រូវប្រាំងរបស់កសិករគ្រប់គ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ប្រជាកសិករ៕