(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥​នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា និងទទួលថវិកាបរិច្ចាគចំនួន ១លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ)។

ពិធីនេះ​មានការអញ្ជើញចូលរួមផងដែរពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោកស្រី អ៊ឹម ប៉ូលីកា អូនព័ន្ធមុនីរ័ត្ន, លោកស្រី យ៉េត ម៉ូលីន កើតរិទ្ធ​។

​លោកជំទាវបណ្ឌិតបានរម្លឹកថា បន្ទាប់ពីលោកជំទាវបានចេញលិខិតជូនពរ និងអបអរសាទរ ព្រមទាំងមានការអំពាវនាវ​ដល់សប្បុរសជនឱ្យមានការចូលរួមបរិច្ចាគ ដើម្បីគាំទ្រនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ​ សប្បុរសជនជាច្រើន និងជាបន្តបន្ទាប់បានចូលរួមអបអរសាទរ និងជូនពរទារក និងកុមារ តាមរយៈការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្ដបេសកកម្មជួយសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ ក្នុងនោះ, ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ដោយនាំថវិកាមកប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន លោកជំទាវបណ្ឌិត ជាតំណាង នៅព្រឹកនេះ។

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន លោកជំទាវបណ្ឌិតប្រធានកិត្តិយសនៃមូលនិធិគន្ធកម្ពុជា សម្រាប់ការអនុញ្ញាតឱ្យក្រុមហ៊ុន ជីប ម៉ុង ចូលរួមចំណែកក្នុងកិច្ចការងារសប្បុរសធម៌នាពេលកន្លងមក ក៏ដូចជានៅពេលនេះ ព្រមទាំងបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង ដោយផ្ទាល់។ លោកអ្នកឧកញ៉ា លាង ឃុន បានប្រកាសថា នឹងនៅរក្សាគោលជំហរក្នុងការបន្តជួយជ្រោមជ្រែង និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ជាបន្តបន្ទាប់ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ជំនួសមុខឱ្យអាណាព្យាបាលទារក និងកុមារ និងក្នុងនាមមូលនិធិគន្ធបុប្ផាកម្ពុជា​ លោកជំទាវបណ្ឌិតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ជាពិសេស ក្រុមហ៊ុន ជីប ម៉ុង ចំពោះការបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក លើកនេះ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត បន្ថែមលើការបរិច្ចាគជាបន្តបន្ទាប់នាពេលកន្លងមក ដើម្បីរួមគ្នានាំភាពញញឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនគណៈគ្រប់គ្រង, គ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុងខិតខំបំពេញភារកិច្ច ទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ក្នុងបេសកកម្មដ៏មានតម្លៃ ក្នុងរយៈពេលជាង ៣២ឆ្នាំ កន្លងមកនេះ ដោយគ្រាន់តែក្នុងឆ្នាំ២០២៤, មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលទារក និងកុមារចំនួនប្រមាណ ១,២ លានករណី ព្រមទាំងស្រ្តីមានផ្ទៃពោះចំនួន ១០៥ ៣៩៦ ករណី ផងដែរ។

លោកជំទាវបណ្ឌិតប្រធានកិត្តិយស ជឿជាក់ថា ចលនានៃការបរិច្ចាគដោយទឹកចិត្តសប្បុរស និងប្រកបដោយក្ដីមេត្តាពីសំណាក់ក្រុមហ៊ុន-សហគ្រាស ជាពិសេស ក្រុមហ៊ុន ជីប ម៉ុង និងសប្បុរសជននានា ព្រមទាំងកិច្ចខិតខំពីសំណាក់គណៈគ្រប់គ្រង, គ្រូពេទ្យ, និងបុគ្គលិកទាំងអស់ នឹងនៅតែបន្តជាប់ជាប្រចាំ និងកាន់តែផុសផុលថែមទៀត ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នៅព្រះរាជាណាចក្រកម្ពុជា ដែលនាំមកជូនជាតិមាតុភូមិ ដោយ សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក និងក្រោមការបន្តដឹកនាំប្រកបដោយថាមពល និងភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក៏ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។

លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក៏បានលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាប្រចាំឆ្នាំជាមធ្យមប្រមាណ ៤២ លានដុល្លារអាមេរិក សម្រាប់ចំណាយលើការរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕