(ភ្នំពេញ)៖ បើតាម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានថ្លែងថា ក្រសួងកសិកម្ម បន្តជម្រុញការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦របស់រដ្ឋាភិបាល និងកម្មវិធីសមិត្ថកម្មចំនួន៣របស់ក្រសួង និងរៀបចំទិសដៅការងារ ៧ចំណុចបន្ថែមទៀត។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលរៀបចំក្រោមអធិបតី លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ទន្ទឹមនឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងឆ្នាំ២០២៤ វិស័យកសិកម្មក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមកាន់តែស្អិតរមួតថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធនិងការដោះស្រាយឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ ដូចជា ថ្លៃដើមនៅមានតម្លៃខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគាំទ្រ និងឌីជីថលនៅមានកម្រិត, ការធ្វើវិនិយោគពាណិជ្ជកម្ម ផលិតផលកសិកម្មនៅមានកម្រិត, កង្វះកម្ចីការប្រាក់ទាប និងទុនវិនិយោគនៅក្នុងវិស័យកសិកម្ម ជាពិសេសការប្រមូល កែថ្នៃផលិតផលក្នុងស្រុក និងចុងក្រោយបញ្ហាបម្រែប្រមួលអាកាសធាតុ ក៏ដូចជាជម្ងឺរាតត្បាត។
ជាការឆ្លើយតបនឹងបញ្ហាខាងលើ លោក បានគូសបញ្ជាក់ថា «ក្នុងឆ្នាំ២០២៥នេះ ក្រសួងនឹងជម្រុញការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល និងកម្មវិធីសមិត្ថកម្មចំនួន៣ របស់ក្រសួងឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបានរៀបចំទិសដៅការងារក្នុងឆ្នាំ២០២៥នេះ ចំនួន៧ចំណុចបន្ថែមទៀត»។
លោក បានមានប្រសាសន៍ថា ក្រសួង នៅតែបន្តជម្រុញសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថាយថ្លៃដើម បង្កើនការផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពស្របតាមតម្រូវការទីផ្សារ និងកាត់បន្ថយការនាំចូល។
បន្ថែមពីនេះ លោក ឌិត ទីណា បានបញ្ជាក់ថា ក្រសួង បាននិងកំពុងជម្រុញផលិតកម្មជីកសិកម្មក្នុងស្រុក ដោយផ្ដល់អាទិភាពដល់ជីសេរីរាង្គ ដែលផលិតតាមរយៈសហគមន៍កសិកម្មទំនើប និងបង្កើនសកម្មភាព ប្រសិទ្ធភាពការងាររបស់មន្ត្រីកសិកម្មឃុំ/សង្កាត់ ដើម្បីផ្ដល់ការគាំទ្រកាន់តែទូលំទូលាយ និងទាន់ពេលវេលាដល់កសិករ៕