(ភ្នំពេញ)៖ លោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានប្រកបរបរធាក់ស៊ីក្លូ ដើម្បីចិញ្ចឹមជីវិតខ្លួន និងកូនចៅប្រុសស្រី តែអកុសលត្រូវជួយនឹងគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្ដបុកពីក្រោយ បណ្តាលឲ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រង់ក្បាល និងលើរាងកាយផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង, ក្រោយបានទទួលដំណឹងនេះភ្លាម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ដឹកនាំសហការី ចុះទៅសួរសុខទុក្ខ និងផ្ដល់អំណោយជាស្បៀង និងថវិកាចំនួន ២០លានរៀល ជូនដល់លោកតាភ្លាមៗដោយអង្អង់យូរនោះឡើយ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះចុះសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាក ដល់លោកតាធាក់ស៊ីក្លូ ,អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, លោក យូ ឡាណា អគ្គលេខាធិការរងទី២ រួមទាំងសហការីជាច្រើនរូបទៀត និងមានការអញ្ជើញចូលរួមពីលោកសាស្ដ្រាសារ្យ លូ លីឃាង ដែលជានាយកមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងអ្នកដឹកនាំ និងគ្រូពេទ្យឯកទេសផងដែរ បានលើកទឹកចិត្ដលោកតា និងសូមឱ្យលោកតាសម្រាកព្យាបាលតាមសម្រួល កុំបារម្ដពីអ្នកផ្ទះអ្វី ឆាប់ជាសះស្បើយ ដើម្បីត្រលប់ទៅគេហដ្ឋានវិញ។

ទន្ទឹមនឹងនោះលោកស្រី លោកស្រី ពុំ ចន្ទីនី, លោកស្រី ម៉ែន នារីសោភ័គ ក៏បាននាំយកនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីបារម្ដពីសុខភាពលោកតា ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ។

លោកស្រីក៏បានគូសបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពេលដែលបានដឹងដំណឹងនេះហើយ មានការព្រួយបារម្ភជាខ្លាំងពីសុខទុក្ខរបស់លោកតា ហើយក៏បានចាត់ឱ្យសហការីតាមដានជាប្រចាំជាមួយគ្រូពេទ្យ ហើយថ្ងៃនេះ លោកបានចាត់ឱ្យសហការី ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកភេសជ្ជៈ ជំនួយកម្លាំង រួមទាំងផ្លែឈើ និងថវិកា ជូនដល់លោកតា និងសូមឱ្យលោកតាឆាប់បានជាសះស្បើយឡើងវិញ មានសុខភាពល្អ និងអាយុយឺនយូរ»។

គ្រាន់តែឃើញវត្ដមានថ្នាក់ដឹកនាំ ចុះសួរសុខទុក្ខ និងនាំយកនូវប្រសាសន៍ផ្ដាំផ្ញើរ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកតា ម៉ែន សុខ បង្ហាញនូវអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ហើយរំភើបរកអ្វីផ្ទឹមពុំបាន ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្ដទុកដាក់ខ្ពស់ ផ្ដល់នូវភាពកក់ក្ដៅ មិនរើសអើង មានតែការជួយដោយមិនរុនរាន ទោះក្នុងកាលៈទេសៈណាក៏ដោយ ដែលធ្វើឱ្យលោកតា សម្រក់ទឹកភ្នែក ព្រោះតែរំភើបនឹងទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌ របស់មាតាមនុស្សធម៌របស់កម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ចំណែកលោកស្រី ជា ហួយ ដែលត្រូវជាកូនស្រីបង្កើតរបស់លោកតាធាក់ស៊ីក្លូ បានមើលលោកតានៅមន្ទីរពេទ្យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «ខ្ញុំអាណិតពុកខ្ញុំណាស់ ដោយសារតែពួកខ្ញុំក្រ ពុកខ្ញុំមិនហ៊ានសម្រាក ហើយពឹងផ្អែកលើកូនៗទេ ទើបគាត់ចាស់ហើយនៅតែបន្ដធាក់ស៊ីក្លូ ដើម្បីចិញ្ចឹមជីវិត ពេលខ្លះគាត់ក៏បានរកលុយបាន យកឱ្យកូនៗចៅៗទៀតផង ចង់ជួយកូនណាស់ ព្រោះមុខរបរត្បាញរបស់ខ្ញុំ រកចំណូលមិនសូវបានទេ ហើយប្ដីជាជាងសំណង់ ពេលខ្លះរកបាន ពេលខ្លះរកមិនបាន ដូច្នេះទើបពុកខ្ញុំមិនហានសម្រាកឡើយ ទោះកូនៗឃាត់មិនឱ្យចេញទៅធាក់ស៊ីក្លូទៀតក៏ដោយ។

តែក្រោមការជួយ ពីមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំនឹងសាងសង់ផ្ទះតូចមួយឱ្យពុកខ្ញុំ ព្រោះកន្លងផ្ទះពួកខ្ញុំ នៅផ្ទះប្រក់តង់តែប៉ុណ្ណោះ ដូច្នេះថវិកានេះបានជួយពុកខ្ញុំហើយ ថែមទាំងជួយដល់គ្រួសារខ្ញុំទៀត ហើយពេលពុកខ្ញុំជាសះស្បើយវិញ នឹងឈប់ទៅរកធាក់ក្លូទៀតហើយ»។

លោកតា និងកូនស្រី បានថ្លែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន , សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ បន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាបតទៅ។

សូមរម្លឹកផងដែរ លោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូខាងលើនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីចុងសប្តាហ៍ថ្មីៗនេះ ដោយត្រូវរថយន្តបុកពីក្រោយ ពេលកំពុងធាក់ស៊ីក្លូតែម្នាក់ឯង។

លោកតា ម៉ែន សុខ បានប្រកបមុខរបវធាក់ស៊ីក្លូ តាំងពីឆ្នាំ១៩៩៣មកម្លេះ ហើយកាលពីចុងឆ្នាំកន្លងទៅថ្មីៗនេះ លោកតាក៏ទទួលបានការជួបឧបត្ថម្ភជាថវិកា និងស្បៀងអាហារ រួមទាំងសម្ភារៈមួយចំនួន ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កំលុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ពីទំហំទឹកចិត្ដប្រកបដោយហ្មព្រវិហារធម៌ របស់អ្នកម្ដាយមនុស្សធម៌ ដែលមិនអាចគណនាបាន។

ឆ្លៀតក្នុងឱកាសចាត់តំណាងចុះសួរសុខទុក្ខ និងផ្ដល់ថវិកាជូនលោកតា ម៉ែន សុខ ខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មិនភ្លេចនោះឡើយ ដោយឱ្យសហការីនាំយកអំណោយមនុស្សធម៌ ដែលមានជាស្បៀងអាហារ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺចំនួន ៥៥៥នាក់ ដែលកំពុងសម្រាកព្យាបាល និងកម្មករអនាម័យចំនួន ៩៣នាក់នៅមន្ទីរពេទ្យព្រះអង្គឌួងផងដែរ។

នាយកមន្ទីរពេទ្យព្រះអង្គឌួង, អ្នកជំងឺ និងគ្រួសារអ្នកជំងឺ សម្តែងការត្រកអរ និងកក់ក្តៅជាពន់ពេក ចំពោះទឹកចិត្តសណ្តោសប្រណីរបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕