(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយស្ថាប័នពាក់ព័ន្ធ ពង្រឹងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត ដើម្បីធានាការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា «ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមក្រសួងគិតគូរនូវយន្តការពង្រឹងការអនុវត្តឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឲ្យបានជាអតិបរមា សំដៅ ធានានូវការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សូមក្រសួងបន្តជំរុញកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងការគិតគូររៀបចំ និងធ្វើវិសោធនកម្មក្របខ័ណ្ឌច្បាប់ ដែលមានភាពចាំបាច់សម្រាប់ វិស័យអាទិភាពរបស់ក្រសួងដូចជា ការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីផ្លូវថ្នល់ ការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក និងច្បាប់ស្តីពីផ្លូវដែកជាដើម។

សម្ដេចបញ្ជាក់បន្តថា សូមក្រសួងបន្តរៀបចំលិខិត បទដ្ឋានគតិយុត្ត ផែនការមេ និងគោលនយោបាយគាំទ្រវិស័យសាធារណការ និងដឹកជញ្ជូនឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព និងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគតផងដែរ៕