(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល១៧ខែ ចាប់តាំងពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៤ សមិទ្ធផលធំៗ ជាច្រើន នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖ ព្រលានយន្តហោះ​ ផ្លូវ ស្ពាន និងកំពង់ផែ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលសមិទ្ធផលទាំងនោះបានឆ្លើយតបទៅ​នឹងអាទិភាព​នៃយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

នាឱកាសនោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ឆ្លើយតបបានទៅ​នឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសការកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ មាន (១) ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឈ និងបន្តធ្វើទំនើបកម្ម​ ការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង(២) ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឲ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំអាចនិយាយបានថា ក្នុងរយៈពេល១៧ខែកន្លងមកនេះ យើងបានសម្ពោធសមិទ្ធផលធំៗច្រើន នៅក្នុងវិស័យសាធារណការ មានប្រលានយន្តហោះ​នៅខេត្តសៀមរាប, ផ្លូវជាតិលេខ៥ ស្ពានឆ្លងកាត់ទន្លេបាសាក់ នៅចក្រអង្រែ កំពង់ផែខេត្តព្រះសីហនុ និងនៅខែកក្កដាខាងមុខនេះ គ្រោងសម្ពោធព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមានសមិទ្ធផលផ្សេៗ​ជាច្រើនទៀត»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនេះគឺមាននៅតែមានការចាំបាច់ ដរាបណាទំនិញនៅតែបញ្ជូ​នតាមរថយន្ត និងតាមកប៉ាល់ ដូចនេះការកសាងហេដ្ឋារចនាសម្ព័ន្ធគឺត្រូវ​តែមានកាប្រទាក់ក្រឡាគ្នា ក្នុងការត្រៀមសម្រាប់ការជួយជំរុញរយៈពេលវែង គឺជាកិច្ចការសំខាន់។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សមិទ្ធផលដែលក្រសួងបានសម្រេចកន្លងមក បានជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡាគ្នា លើការធ្វើដំណើរ និងការដឹកជញ្ជូន ថែមទាំងបានចូលរួមលើកម្ពស់​ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តន៍ភាពថ្មីៗ ដូចជាការចូលរួមទាក់ទាញវិនិយោគផ្ទាល់ និងទេសចរពីបរទេសដើម្បីប្រែចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច៕