(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពតនឹងត្រូវបើកសម្ពោធជាផ្លូវការនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដែលសមិទ្ធផលសាធារណការថ្មីនេះនឹងក្លាយជាមធ្យោបាយតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូនរយៈពេលវែង និងប្រកបដោយភាពប្រទាក់ក្រឡា។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពតនឹងត្រូវបើកសម្ពោធជាផ្លូវការ ដែលទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៉ី (ADB)»។

សម្ដេចបវរធិបតីបន្តថា «កំពង់ផែមួយនេះ ខ្ញុំឃើញមានការចាប់អារម្មណ៍ច្រើន, កាលពីពេលបើកការដ្ឋានព្រែកហ្វូណនតេជោ មានអ្នកចេញមកសួរថា កំពង់ផែទេសចរណ៍អន្តរជាតិនៅកំពតទុកចោលឬយ៉ាងម៉េច, ចម្លើយគឺអត់ទុកចោលទេ គឺកំពុងដំណើរកសាងទៅមុខ ដែលជាកត្តាថាមពល និងសហថាមពលសម្រាប់តភ្ជាប់»

សម្ដេចបវរធិបតីបន្តទៀតថា ដរាបណាទំនិញនៅតែត្រូវបានបញ្ជូនតាមរថយន្ត ការកសាងហេរដ្ឋារចនាសម្ពន្ធផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសនៅតែបន្តអនុវត្ត និងនៅតែត្រូវការប្រើប្រាស់រាប់រយឆ្នាំតទៅមុខ ដូច្នេះការកសាងនូវហេដ្ឋារចនាសម្ពន្ធប្រទាក់ក្រឡាក្នុងការត្រៀមជួយជំរុញរយៈពេលវែង គឺជាការណ៍សំខាន់។

ជាការកោតសរសើររបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី សមិទ្ធផលដែលក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចបានកន្លងមក គឺបានជួយសម្រួលដល់ការតភ្ជាន់ប្រទាក់ក្រឡាការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ការរួមទាក់ទាញវិនិយោគផ្ទាល់ និងទេសចរពីបរទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

គួរជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានសាងសង់លើផ្ទៃដី៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

តាមការឱ្យដឹងពីក្រសួងសាធារណការនិងដឹកជញ្ជូន កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះអាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។

គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ បានបើកដំណើរការសាកល្បងនូវសេវាកម្មរបស់ខ្លួន ក្នុងនោះគេឃើញមាននាវាទេសចរណ៍មួយគ្រឿង ជាមួយវត្តមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង១០០នាក់បានចូលចតដោយជោគជ័យនិងសុវត្ថិភាព បន្ទាប់ពីធ្វើដំណើរចេញពីកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម ហើយបានបន្តទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ៕