(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យជាតិអាល់កុលសម្រាប់អ្នកបើកបរតាមដងផ្លូវឡើងវិញ ជាពិសេសនៅអំឡុងបុណ្យចូលឆ្នាំចិន ប៉ុន្មានថ្ងៃខាងមុខនេះ។

ការជំរុញឱ្យបង្កើនវិធានការលើអ្នកបើកបរដោយមានជាតិស្រវឹងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ អ្នកបើកបរក្នុងស្ថានភាពស្រវឹង នៅតែបន្តកើតមានច្រើន នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតជាសោកនាដកម្មជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់អំពីការងើបឡើងវិញ នូវគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅលើផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។

សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «បានក្រាបតែបន្តិច ប៉ុន្មានអាទិត្យនេះចាប់ផ្តើមឃើញឡើងវិញ សូមពិនិតត្យមើលការត្រួតពិនិត្យជាតិស្រវឹង ជាពិសេសក្នុងពេលប៉ុន្មានថ្ងៃនេះ "ចូលឆ្នាំ គេថាចូលឆ្នាំចិនស្រវឹងខ្មែរ" ជាពិសេសក្នុងពេលយប់ ផ្លូវ៦០ម៉ែត្រឃើញប៉ុន្មាន!»

ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣។

ទោះជាយ៉ាងនេះក្តី រយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ហាក់ដូចជាកើតឡើងញឹកញាប់ឡើងវិញ ជាពិសេសនៅលើផ្លូវ៦០ម៉ែត្រ។ ត្រឹមតែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ នៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ មូលដ្ឋានខណ្ឌមានជ័យ ជាប់ព្រំ ប្រទល់ខណ្ឌដង្កោ មានការកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកអាយុជីវិតមនុស្សក្មេងចាស់ចំនួន៤ នាក់ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បង្កដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្ដបុកម៉ូតូដែលបើកបរក្នុងទិសដៅផ្សេងគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ៣នាក់ស្លាប់ ក្នុងនោះមានឪពុក និងកូនតូច២នាក់ ខណៈម្ដាយដែលជិះម៉ូតូជាមួយគ្នានេះ រងរបួសធ្ងន់ដាច់ជើង។

ដោយឡែក កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ដែរនោះគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2-4771 បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ បានបើកបុកម៉ូតូ ម៉ាក HONDA CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL-9616 បើកបរដោយ តារាចម្រៀង Rap ឈ្មោះ ដាវិឌ ឫទ្ធិរុទ្រ (Ruthko) បណ្តាលឱ្យតារាចម្រៀងសញ្ជាតិខ្មែរ-បារាំងនេះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុផងដែរ។

ដោយមើលឃើញពីសោកនាដកម្ម និងសំណូមពរមហាជន សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំដាក់ដែកចែកទ្រូងផ្លូវ សម្រាប់ផ្លូវ៦០ម៉ែត្រនេះ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

«ឥឡូវសាលារាជធានីត្រូវរៀបចំ ថ្ងៃមុនក៏បានចុះពិនិត្យជាមួយ ថ្ងៃមិញឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ ហើយក៏បានឯកភាពថា ឱ្យរៀបចំដាក់ដែក កណ្តាលផ្លូវហ្នឹងទៅ ដើម្បីពុះ ប៉ុន្តែទោះបីជាដែកក៏ដោយ បើមនុស្សមិនប្រយ័ត្ន បុកទាំងដែកហ្នឹងបាក់ទៀត អីចឹងទាល់តែប្រយ័ត្ន ហើយត្រូវតែត្រួតពិនិត្យគ្រឿងស្រវឹងពេលបើកបរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី។

សម្តេចបានជំរុញឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការរាជធានីខេត្ត យកចិត្តទុកដាក់ ក្នុងការអនុវត្តការត្រួតពិនិត្យជាតិស្រវឹង។ ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ទៀតថា ទោះបីជាអត្រាបើកបរក្នុងភាពស្រវឹង មានការថយចុះ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែស្ថិតនៅក្នុងអត្រាមួយខ្ពស់នៅឡើយ។ សម្តេចបន្ថែមទៀតថា កម្ពុជា ក្រោយចប់សង្គ្រាម កត្តាដែលធ្វើឱ្យបាត់បង់មនុស្សច្រើនជាងគេ របួសច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង៕