(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមន្ត្រីនគរបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់លើករណីចរាចរណ៍, សម្ដេចក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះអត្រា អ្នកស្លាប់ច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតកលាក់មុខដែលបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

ការណែនាំបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក់ឱ្យបានម៉ឹងម៉ាត់។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុវត្តកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើនការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ពិសេសនៅពេលរាត្រី ខណៈនៅតែប៉ុន្មានថ្ងៃខាងមុខនេះ គឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ដោយឡែកនៅតាមផ្លូវ ៦០ម៉ែត្រ នឹងត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ ជាពិសេសត្រូវពង្រឹងការត្រួតពិនិត្យលើការបើករក្រោមស្ថានភាពស្រវឹង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ដូច្នេះការយកចិត្តទុកលើការអនុវត្តត្រួតពិនិត្យចរាចរណ៍ និងសហការជាមួយអគ្គស្នងការនគរបាលជាតិ ពង្រឹងការយកចិត្តទុកដាក់លើករណីចរាចរណ៍ ហើយស្នងការរាជធានី-ខេត្ត សូមយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ ប៉ុន្តែ ទោះជាយ៉ាងណាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយស្ថានភាពស្រវឹងមានការថយចុះ ប៉ុន្តែ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅច្រើននៅឡើយ»

ត្រង់ចំណុចនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់សង្គ្រាម កត្តាដែលសម្រាប់មនុស្សច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍ រឿងនេះជាចំណុចមួយដែល ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដែលបង្កឱ្យមនុស្សបាត់បង់អាយុជីវិតជាច្រើននាក់នៅក្នុង១ឆ្នាំៗ ចំណុចដែលយើងទាំងអស់គ្នាត្រូវរួមគ្នាយកចិត្តទុកដាក់ ហើយចូលរួមគោរពអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា។

ឆ្លៀតនាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះសម្តេចយល់ឃើញថា មានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។

គួរឱ្យដឹងថា នៅក្នុងរយៈពេលពេល១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើក ដោយបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១,៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមរបាយការណ៍ដដែលបានបញ្ជាក់ថាចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣។

ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ខណៈការប្រើប្រាស់យានយន្តមានការកើនឡើងទោះបីការប្រើប្រាស់យានយន្តមានភាពមមាញឹកនៅតាមដងផ្លូវក្តី។ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ១៩៧លើក ស្មើ៨% (២២៣០លើក /២៤២៧លើក) ចំនួនអ្នកស្លាប់ ១,១៥៨នាក់ ស្មើពេលមុន និងអ្នករបួសថយចុះ ៣០៧នាក់ ស្មើ៩% (២៩៦២នាក់/៣២៦៩នាក់) នេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ប៉ុន្តែចំនួនអ្នកស្លាប់មិនមានការថយនោះទេ ដែលតម្រូវការបង្កើនការផ្សព្វផ្សាយពីការអប់រំ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរ៕