(តាកែវ)៖ រថយន្តម៉ាក Ford ២គ្រឿងបានបើកដេញបុកគ្នាពេញក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ធ្វើការឃាត់រថយន្តបាននៅ ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។
ក្រោយឃាត់រថយន្តសមត្ថកិច្ច បានយករថយន្តទាំង២គ្រឿងរួមមាន៖ រថយន្ដម៉ាក ford territory ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CC-2424 ០១គ្រឿង និងរថយន្ដម៉ាក Ford Ranger ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2BY-6072 ១គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកភាគីម្ចាស់រថយន្ដ Ford ពណ៌ខ្មៅ ត្រូវបានបក្ខពួកបើកឡានមករំដោះគេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលព្រហម្មទណ្ឌ បានឲ្យដឹងថា ករណីខាងលើជារឿងអ្នកលក់រថយន្ត និងអ្នកទិញរថយន្ដបង់រំលោះ ដែលមិនបានបំពេញតាមគោលការណ៍ក្រុមហ៊ុនបង់ប្រាក់តាមការកំណត់ ហើយមានការគេចវេសពីក្រុមហ៊ុន ទើបធ្វើឲ្យភាគីជាម្ចាស់លក់រថយន្ដ បើកឡានតាមរក ស្រាប់តែប្រទះឃើញនៅក្រុងដូនកែវ ហៅឲ្យឈប់តែម្ចាស់រថយន្ដពណ៌ខ្មៅ មិនបានឈប់ឡើយ ថែមទាំងព្យាយ៉ាមបើករត់គេច ទើបភាគីរថយន្ដ Ford ពណ៌សរ ខាងក្រុមហ៊ុនបង់រំលោះរថយន្ដ ជិះតាមជែង កៀរ និងបុកពីក្រោយ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅកណ្ដាលក្រុងដូនកែវ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំងព្រលឹងចុងសក់ រហូតទៅឈប់នៅជាយក្រុង ឋិតនៅភូមិឃុំ-សង្កាត់ខាងលើ។
លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ការគេចវេសមិនបង់លុយជារឿងមួយ ករណីបើកបុកបង្កឲ្យគ្រោះថ្នាក់ជារឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡែកករណីមានចេតនាបើកបំបុក វាជារឿងព្រហ្មទណ្ឌ ដែលសកម្មភាពនេះមិនមានកិច្ចសហការជាមួយសមត្ថកិច្ចណាឡើយ ហើយករណីនេះលោកកំពុងសុំគោលការណ៍ពីលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដើម្បីឃាត់រថយន្តទុកបណ្ដោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតឲ្យបានលំអិតពាក់ព័ន្ធករណីនេះ៕