(កំពង់ធំ)៖ ព្រះរាជាគណៈថ្នាក់ចត្វា សៀង សុខ និងជាព្រះសត្ថាបារមី ព្រះមេគណ គណមហានិកាយខេត្ត ព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសត្ថាបារមីខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ) លោក នួន ផារ័ត្ន អភិបាលខេត្ត បាននិមន្ត និងអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់មន្ត្រីសង្ឃដែលបាននិមន្តមកពីគ្រប់វត្តក្នុងខេត្តកំពង់ធំ ៦០០អង្គ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ព្រះទេពសត្ថា សៀង សុខ ព្រះមេគណ គណមហានិកាយខេត្តកំពង់ធំ បានអាននូវខ្លឹមសារមហាសន្និបាតជូនដល់មន្ត្រីសង្ឃឲ្យបានជ្រាប៖
*ទី១៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់និងបន្តការពង្រឹងគុណវុឌ្ឍតាមរយៈវគ្គសង្សាភិបាល ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច។
*ទី២៖ រៀបចំយន្តការនិងនីតិវិធីនៃអាសនានុក្រមសម្រាប់មន្ត្រីសង្ឃនិងការរៀបចំសំណង់ ចេតិយ៍ ផ្នូរ និងម៉ុង ក្នុងវត្តអារាម។
*ទី៣៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម មានកាតព្វកិច្ចរៀបចំអប់រំបព្វជិត ភិក្ខុ-សាមណេរ ដែលបួសក្នុងសំណាក់ ពុទ្ធសាសនាឱ្យស្ថិតក្នុងគោលការណ៍៣គឺ៖
-ព្រះបរិយត្តិសាសនា បានដល់ការរៀនសូត្រពុទ្ធវចនៈ ដែលមាននៅក្នុងគម្ពីរព្រះត្រៃបិដក ព្រមទាំង វិជ្ជាផ្លូវលោកវិជ្ជាផ្លូវធម៌ តាមរយៈពុទ្ធិកសិក្សាគ្រប់កម្រិត
-ព្រះបដិបត្តិសាសនា បានដល់ការបដិបត្តិសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋាន សីល សមាធិ បញ្ញា ឱ្យស័ក្តិសមជាសមណៈ។ ភិក្ខុសង្ឃត្រូវចូលរួមធ្វើឧបោសថកម្មរៀងរាល់២ដង ក្នុងមួយខែឱ្យបានគត់មត់ ដោយឡែក សាមណេរត្រូវសមាទានសីលរៀងរាល់៤ដង ក្នុងមួយខែ ដើម្បីញ៉ាំងសីលរបស់ខ្លួនឱ្យល្អបរិសុទ្ធគួរជាទីជ្រះថ្លា
-ព្រះបដិវេធសាសនា បានដល់ការសម្រេចបាននូវប្រយោជន៍ទាំងបីគឺ ទិដ្ឋធម្មិកត្ថប្រយោជន៍ សម្បរាយិកត្ថ ប្រយោជន៍ និងបរមត្ថប្រយោជន៍។
*ទី៤៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រមបន្តពង្រឹងនិងពង្រីកសាលាធម្មវិន័យនិងពុទ្ធិកសិក្សាតាមរយៈការរៀបចំ យន្តការគាំទ្រនិងលើកទឹកចិត្ត ទាំងផ្នែកស្មារតីនិងសម្ភារៈ ព្រមទាំងចាត់ទុកពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធ សាសនា។
*ទី៥៖ បង្កើតយន្តការតាមដាន ត្រួតពិនិត្យការអនុវត្តសង្ឃប្រកាសនិងគ្រប់គ្រងសណ្តាប់ធ្នាប់សង្ឃ សំដៅ លើកកម្ពស់គុណតម្លៃបព្វជិតពុទ្ធសាសនាឱ្យតាំងមាំក្នុងត្រៃសិក្ខា។ ការបំបួសកុលបុត្រ ព្រះឧបជ្ឈាយ៍ត្រូវធ្វើឱ្យស្រប តាមច្បាប់រដ្ឋនិងធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្តិ អនុញ្ញាត ដែលមានគម្ពីរព្រះត្រៃបិដកជាគោល។
*ទី៦៖ មន្ត្រីសង្ឃគ្រប់ឋានានុក្រម គប្បីបន្តយកព្រះទ័យទុកដាក់ក្នុងកិច្ចការសង្គមនិងកិច្ចការមនុស្សធម៌ រួមមាន ការចូលរួមអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈ ឱ្យបានជ្រួតជ្រាបដល់សាធារណជននិងការជួយ ឧបត្ថម្ភគាំទ្រទាំងស្មារតីទាំងសម្ភារៈ ដល់ជនគ្មានទីពឹង ជាពិសេសចំពោះបរិស័ទ ដែលជួបគ្រោះមហន្តរាយផ្សេងៗ។
លោក នួន ផារ័ត្ត បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់ ពីការយកចិត្ត ទុកដាក់ខ្ពស់បំផុត ចំពោះវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទូទាំងខេត្ត។
លោកបនថាវិស័យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនបន្ថែមទៀតលើការពង្រឹងរចនាសម្ព័ន្ធដឹកនាំ ព្រះសង្ឃ ការគ្រប់គ្រងវត្តអារាម ពុទ្ធិកសិក្សា ការផ្សព្វផ្សាយ ព្រះធម៌វិន័យ ក៏ដូចជាការចូលរួមចំណែក អនុវត្ត គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាស្ថេរភាព សន្តិភាព និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរលោក នួន ផារ័ត្ន ស្នើសុំទូលថ្វាយឲ្យព្រះចៅអធិការវត្តគ្រប់វត្តធ្វើយ៉ាងណា ប្រែក្លាយវត្តអារាមក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍សម្រាប់ទាក់ទាញ ទេសចរណ៍ក៏ដូចជាមកសិក្សារៀនសូត្រពីវប្បធម៌អរិយធម៌របស់ជាតិផងដែរ៕