(កំពង់ធំ)៖ លោក ហ៊ីម លីម៉េង អភិបាលរងខេត្តកំពង់ធំ បានស្នើថ្នាក់ដឹកនាំមន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់ពិនិត្យលើផែនការដើម្បីអង្គភាពរីចម្រើន។
លោកបានថ្លែងក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ដើម្បីពិនិត្យឡើងវិញនូវភាពត្រឹមត្រូវ នៃដំណើរការកម្មវិធីវិនិយោគបីឆ្នាំរំកិលមុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
លោកបន្តថា ការរៀបចំផែនការវិនិយោគបីឆ្នាំរំកិលត្រូវដំណើរការស្របតាមការរៀបចំ យុទ្ធសាស្ត្រ ថវិកា និងស្រង់ប្រមូលផ្តុំនូវធាតុចូលពីគ្រប់ស្ថាប័នអង្គភាព និងអ្នកពាក់ព័ន្ធក្នុងគោលបំណង ស្វែងយល់រួមគ្នាពីសក្តានុពល ធនធានបញ្ហាប្រឈមតម្រូវការ និងដំណោះស្រាយនានា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន។
លោកបានបន្ថែមទៀតថា ការធ្វើផែនការនេះមិនមែនអ្នកធ្វើផែនការអង្គុយគិត សរសេរតែម្នាក់ឯងនោះទេត្រូវប្រឹក្សាឆ្លងយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យផែនការរបស់ខ្លួនបានល្អប្រសើរ ក្នុងការឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់អង្គភាពព្រោះថាប្រធានអង្គភាពជាអ្នកទទួលខុសត្រូវ។
លោក ហ៊ឹម លីម៉េង សង្ឃឹមថា លោក លោកស្រី ខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំផែនការនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីឈានទៅការអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងកម្រិតគុណភាពអាចទទួលយកបាន៕