(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥។ អង្គសន្និបាតនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ (D) សាលាខេត្តនាព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០២៥ក្រោមអធិបតីភាពលោកបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ឌុច ចាន់តូ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បាន បង្ហាញពីវីរភាព នៃការជោគជ័យបន្ថែមក្នុងការអនុវត្តការងារអប់រំ យុវជន និងកីឡាក្នុងខេត្ត ស្របតាមកំណែទម្រង់ ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានលទ្ធផលជាទីមោទនលើគ្រប់ផ្នែកអប់រំចាប់ តាំងពីផ្នែកមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ឃើញថា អត្រាបោះបង់ការសិក្សា និង អត្រាត្រួតថ្នាក់មានការថយចុះជាបណ្តើរៗគួរឱ្យកត់សម្គាល់ អត្រាឆ្លងភូមិសិក្សា និងអត្រាបញ្ចប់ការសិក្សា មានការកើនឡើងបន្តបន្ទាប់។

នៅក្នុងឱកាសនេះលោកឌុច ចាន់តូ អភិបាលរងខេត្ត ស្នើអង្គសន្និបាតទាំងមូលរយៈពេល០១ថ្ងៃកន្លះនេះ ធ្វើការជជែក វែកញែក រកគន្លឹះដោះស្រាយនូវបញ្ហាប្រឈម មួយចំនួនដែលពុំទាន់បានដោះស្រាយ នៅតាមបណ្តាក្រុង- ស្រុក និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីអភិវឌ្ឍវិស័យអប់រំក្នុងខេត្តរតនគិរីឱ្យកាន់តែប្រសើរ។

លោកក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តខិតខំ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ស្របតាមមនសិកាវិជ្ជាជីវៈ ដោយខិតខំបង្រៀនក្មួយៗ សិស្សានុសិស្ស ឱ្យអស់ពីសមត្ថភាព ដោយផ្ទេរចំណេះដឹងដែលមាន និងឥរិយាបទល្អៗ ជាគំរូដល់ក្មួយៗ ជាយុវជនស្រករក្រោយក្នុងយុគសម័យឌីជីថលនេះឱ្យមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើឥរិយាបទល្អប្រសើរ មានសីលធម៌ និងចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា។

មានប្រសាសន៍បើកសន្និបាតបូកសរុបលទ្ធផល ការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥ក្នុងខេត្តរតនគិរី នាឱកាសនេះ លោកបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានសម្តែងនូវការសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនអ្នកពាក់ព័ន្ធ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុឆន្ទៈ ចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះឱ្យទទួលបាន នូវលទ្ធផលដ៏ត្រចេះត្រចង់។

លោកអនុរដ្ឋលេខាធិការ បន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃ ស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន និងកំពុងខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈមោះមុតខ្ពស់ និងមិនរាថយក្នុងការជំរុញការអនុវត្តកំណែ ទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយជាពិសេសលើការកសាង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណ ភាព និងមានផែនការដ៏ជាក់លាក់ ដើម្បីចូលរួមចំណែកគាំទ្រដល់ការសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្តូរកម្ពុជា ពីប្រទេសដែលមានចំណូលចូលមធ្យមកម្រិតទាប ឱ្យ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ ២០៥០។

ស្របពេលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តកំណែទម្រង់កម្មវិធី គោលនយោបាយស៊ីជម្រៅឆ្លើយតបនឹងបរិបទសង្គមកម្ពុជា តំបន់ និងសកលលោកនោះគឺការផ្តល់នូវ ពលរដ្ឋដែលមានចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងភាពស្ទាត់ជំនាញនៃការងារយ៉ាងពិតប្រាកដ។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាព៕