(ភ្នំពេញ)៖ លោកស្រី សិទ វណ្ណារ៉េត ទីប្រឹក្សាក្រសួងធនធានទឹក និងឧត្តុនិយម និងជាតំណាងអចិន្ត្រៃយ៍ប្រចាំកម្ពុជា នៃអង្គការឧត្តុនិយមពិភពលោក បានពន្យល់ពីការចុះអ័ព្ទផ្សែងនៅរាជធានីភ្នំពេញ និងតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។

លោកស្រីបានឱ្យដឹងថា បាតុភូមិនៃអ័ព្ទផ្សែងនេះវាមិនមានអ្វីប្លែកនោះទេ ប៉ុន្តែ កើតឡើងដោយសារកម្តៅ និងរំហួត មានន័យថាប្រទេសកម្ពុជា សម្បូរដោយទឹក ដូច្នេះនៅពេលដែលរំហួតកើតឡើងបានបង្កើតជាសំណើមអាចកើនឡើង ៧០ ទៅ៨០ភាគរយ ត្រង់ចំណុចនេះហើយបានធ្វើឱ្យមានបាតុភូតចុះផ្សែងអ័ព្ទនៅពេលព្រឹក ឬអាចពេលល្ងាច។

លោកស្រីបញ្ជាក់ថា ត្រង់ចំណុចនេះស្ថានភាពចុះអ័ព្ទនៅកម្ពុជា មិនទាន់មានភាពបំពុលខ្លាំងនោះទេ ពីព្រោះការបំពុលខ្យល់នៅកម្ពុជា មានត្រឹម ១០ ទៅ ២០ug/m3 តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO)។

សូមជម្រាបថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការចុះអ័ព្ទនេះគឺចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចន្លោះចាប់ពីម៉ោង២៖០០រំលងអធ្រាត្រ ទៅម៉ោង៧៖០០ព្រឹក៕