(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ការងារសំខាន់ចំពោះមុខ គឺគ្រប់សាលារៀន គ្រប់កម្រិតសិក្សាទាំងអស់ ត្រូវចូលរួមប្រឡងប្រជែងការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំទាំងអស់គ្នា ដោយចាប់ផ្តើមពីការប្រឡងប្រជែងផ្ទៃក្នុងនៅតាមក្រុង-ស្រុកនីមួយៗ ដោយមន្ទីរអប់រំខេត្ត ត្រូវដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ រីឯអភិបាលក្រុង-ស្រុក សូមដឹកនាំចលនាជំរុញការ ចូលរួមប្រកួតប្រជែងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា។
លោកអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤- ២០២៥ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
លើសនេះ អភិបាលខេត្តកណ្ដាល បានថ្លែងជម្រុញ ដល់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវខិតខំប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាងនេះទៅទៀតនោះ គឺមន្ទីរអប់រំខេត្ត សូមកុំមើលត្រឹមពានរង្វាន់ដែលនឹងទទួលបានក្នុងការប្រកួតប្រជែង តែត្រូវមើលលើសពីនេះ ពោលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យគំរូនេះ គឺជាការធ្វើឱ្យថ្នាក់ដឹកនាំ មន្ត្រីរបស់យើងទាំងអស់គ្នាបានយល់ដឹងបានកាន់តែច្បាស់ ទៅលើការបម្រើការងារបានត្រឹមត្រូវ ស្របតាមស្តង់ដារអប់រំជាតិ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា រដ្ឋបាលខេត្តបាននិងកំពុងធ្វើការពិចារណាគិតគូបែងចែកចំណូលប្រមាណ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅធ្វើការអភិវឌ្ឍក្នុងវិស័យអប់រំក្នុងខេត្ត ដោយជំហានដំបូងតម្រង់ទិស នៅកម្រិតបឋមសិក្សាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋានដែលកំពុងតែត្រូវការពង្រីកកំរិតបឋមសិក្សាឲ្យកាន់តែច្រើន ដោយសារតែកំណើនសិស្សានុសិស្សខ្ពស់។
សូមជម្រាបថា ស្តង់ដារ នៃការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ មានសូចនាករជាច្រើនដូចជា ការបម្រើសេវា, ការរៀបចំអនាម័យ បរិស្ថាន, ការគ្រប់គ្រងមន្ត្រី ហិរញ្ញវត្ថុ, ការងារទំនាក់ទំនងសហគមន៍ជាដើម។សម្រាប់ខេត្តកណ្ដាល ចំពោះការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ មានមត្តេយ្យសិក្សា និងបឋមសិក្សា បានឈានជាប់ក្នុងTop ៥ នឹងបន្តឈានទៅការពារលើបទបង្ហាញបន្តដើម្បីគណៈកម្មការថ្នាក់ជាតិវាយតម្លៃផ្តល់ពិន្ទុចុងក្រោយ៕