(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយលោក François SCHNOBELEN នាយកសាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule ដើម្បីរាយការណ៍សកម្មភាពនិងទិសដៅការងារឆ្នាំ២០២៥ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ជំនួបពិភាក្សានេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។

សូមជម្រាបជូនថា សាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule ត្រូវបានបង្កើតដោយអង្គការ Formation et Progrès-Cambodge ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ២០០២ ដែលជាសាលាបង្រៀនផ្នែកបដិសណ្ឋារកិច្ច និងភោជនីយដ្ឋាន ហើយត្រូវបានទទួលស្គាល់ជា «សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល» ពីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សាលា ព្រមទាំងលើកទឹកចិត្តនិងគាំទ្រចំពោះការបណ្តុះបណ្តាល និងការបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងទេសចរណ៍។

លោក ហួត ហាក់ បានជំរុញឱ្យសាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule ផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់សិស្ស និស្សិតពីតំបន់អាស៊ាន៕