(ភ្នំពេញ)៖ ក្រុមហ៊ុន WorldBridge Group បានស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន សម្រាប់កិច្ចពិភាក្សាណែនាំក្នុងគោលបំណងស្វែងរកកិច្ចសហការអាជីវកម្ម ឱកាសវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះសម្របសម្រួល ដោយស្ថានទូត ហ្វីលីពីន ប្រចាំ នៅកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នាភោជនីយដ្ឋាន Sombok ក្នុងរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមដោយនាយកប្រតិបត្តិជាន់ខ្ពស់ជាង៣៥នាក់ និងអ្នកតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន (WomenBizPH) ដែលតំណាងឱ្យឧស្សាហកម្មចម្រុះនៅក្នុងប្រទេសហ្វីលីពីន រួមមាន កសិពាណិជ្ជកម្ម អាកាសចរណ៍ ភស្តុភារ ការថែទាំសុខភាព សុខភាព បច្ចេកវិទ្យាព័ត៌មាន ការផលិត អចលនទ្រព្យ ពាណិជ្ជកម្ម និងទេសចរណ៍។

កិច្ចពិភាក្សានេះបានផ្តោតលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកចំណេះដឹង និងភាពជាដៃគូដែលមាន
សក្តានុពលនៅក្នុងអាជីវកម្មនៅក្នុងទីផ្សារប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន។ ប្រធានបទនៃការចាប់អារម្មណ៍ជាច្រើនត្រូវបានលើកឡើង រួមទាំងលទ្ធភាពនៃការបណ្តាក់ទុនក្នុងលំនៅឋានតម្លៃសមរម្យ ការអប់រំថែទាំសុខភាព និងមជ្ឈមណ្ឌលអប់រំសម្រាប់យុវជន កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការចែកចាយផលិតផលក្នុងស្រុកនៅក្នុងទីផ្សារទាំងពីរ រួមជាមួយនិងគំនិតផ្តួចផ្តើមថ្មីផ្សេងទៀត។

លោកស្រី Rosemarie Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន បានសម្តែងសុទិដ្ឋិនិយមអំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ និងបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន។

លោកស្រីបានថ្លែងថា «កិច្ចប្រជុំនេះដើរតួជាចំណុចចាប់ផ្តើមដ៏មានតម្លៃមួយ ដើម្បីស្វែងរកការរួមផ្សំគ្នា និងបង្កើនកម្លាំងរួម ដើម្បីជំរុញកំណើនអាជីវកម្ម និងផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រីនៅក្នុងទីផ្សារទាំងពីរ»។

ក្រុមហ៊ុន WorldBridge Group ដឹកនាំដោយលោក Calvin Tse អនុប្រធានក្រុមនៃការអភិវឌ្ឍន៍អាជីវកម្ម រួមជាមួយនឹងនាយកប្រតិបត្តិនៃវិស័យផ្សេងៗ បានធ្វើបទបង្ហាញអំពីធុរកិច្ចនិងគុណសម្បត្តិ និងសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា។

កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ចដែលរួមបញ្ចូល និងកំណត់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ភាគីទាំងទ្វេរបានសម្តែងការប្តេជ្ញាចិត្តក្នុងការចូលរួមបន្ថែមទៀតតាមរយៈការផ្លាស់ប្តូរអាជីវកម្មនាពេលអនាគត និងគម្រោងកិច្ចសហប្រតិបត្តិការក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

WorldBridge Group ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រចម្រុះ ដែលរួមមានផ្នែកដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងច្រើនទៀត។ ការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត គ្រុបបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងពិភពលោក និងក្នុងតំបន់ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅទូទាំងឧស្សាហកម្ម៕