(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេសកម្ពុជា បានបង្ហាញថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។
ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។
សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។
ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមស្នើដល់សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។
ជាមួយគ្នានេះ សូមស្នើដល់អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ចូលរួមសហការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុល ដូចជាសម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការដុត ធូលីហុយ និងករណីឆេះផ្សេងៗ ជាពិសេសការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង នៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។
ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំ និងសូមធ្វើការតាមដានព័ត៌មានផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS ដូចខាងក្រោម៕