(ស្ទឹងត្រែង)៖ លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង និងលោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានជួប​ពិភាក្សាការងារជាមួយគ្នា ដើម្បីចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្ត ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងផ្ដល់សេវាថែទាំសុខភាព​ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាពជូនពលរដ្ឋ។

សូមបញ្ជាក់ថា ជំនួបនេះធ្វើឡើងដើម្បីអនុវត្តទៅតាមសេចក្ដីសម្រេចស្ដីពី ការរៀបស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានីខេត្ត របស់ក្រសួងសុខាភិបាល និងមាន​គោលបំណង​ដើម្បីពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការបស់មន្ទីរពេទ្យបង្អែកខេត្ត តាមរយៈការអភិវឌ្ឍសមត្ថភាពធនធានដែលមានស្រាប់ ដើម្បីផ្ដល់សេវាថែទាំសុខភាពឱ្យកាន់តែមានគុណភាព និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។

នាឱកាសន៍នេះលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត និងលោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ប្រធានមន្ទីរបង្អែកខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូមន្ទីរពេទ្យកុមារជាតិ ដែលបានមកដល់ទឹកដីនៃខេត្តស្ទឹងត្រែង និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែកនាពេលនេះ។

ទន្ទឹមនិងនេះលោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ក៏បានបង្ហាញក្រុមប្រតិភូមន្ទីរពេទ្យកុមារជាតិ អំពីវឌ្ឍនភាពការងាររបស់មន្ទីរពេទ្យបង្អែក ស្ថានភាពទូទៅ ផែនការក៏ដូចជាបញ្ហាប្រឈមសំខាន់ៗ​ដែលកើតមានឡើង​ក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស បានលើកឡើងដែរថា ការចុះមកនេះក៏ដើម្បីអនុវត្តសេចក្តីសម្រេចស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានីខេត្ត របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការបស់មន្ទីរពេទ្យបង្អែកខេត្ត និងការអភិវឌ្ឍសមត្ថភាពផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពឆ្លើយតប ប្រកបដោយគុណភាព និងសមធម៌។

លោកវេជ្ជបណ្ឌិតបានបន្តថា ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារជាតិ នៅខេត្តស្ទឹងត្រែងនានាពេលនេះមានគោលបំណងឈ្វេងយល់ និងឆ្ពោះទៅការធ្វើផែនការរួម ស្តីពីការបណ្តុះបណ្តាល ណែនាំទ្រឹស្តីបច្ចេកទេសអនុវត្តគ្លីនិក ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការថែទាំជំងឺ ការវះកាត់ ការងារសង្គ្រោះបន្ទាន់ ការដាក់ថ្នាំសណ្តំ ការបញ្ជូនអ្នកជំងឺ ព្រមទាំងការចែករំលែកនូវបទពិសោធន៍ផ្សេងៗ លើជំនាញវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាលខេត្ត។

សូមបញ្ជាក់ផងដែរថា ព្រឹកថ្ងៃដ៏ដែលនេះថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារជាតិ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ឆ្លៀតក្នុងឱកាសនោះគណៈប្រតិភូ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ បន្តខិតខំធ្វើនវានុវត្តន៍ លើសេវាព្យាបាលដែលមានស្រាប់ និងបង្កើនបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗបន្ថែមទៀត ដោយសហការគ្នាទៅវិញទៅមកឲ្យបានស្អិតរមួត សំដៅផ្តល់សេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជូនអ្នកជំងឺផងដែរ៕