(កំពង់ចាម)៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសាកលវិទ្យាល័យជាតិជេជូ (Jeju National University) សាធារណរដ្ឋកូរ៉េ ប្រមាណ ៦០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកបាធាយ។

ការពិនិត្យ និងព្យាបាលជំងឺ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ និងគ្រោងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ៥០០នាក់។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានផ្តល់នូវថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្រ្តមួយចំនួនជូនមន្ទីរពេទ្យបង្អែកបាធាយ ដើម្បីចូលរួមផ្តល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋផងដែរ។

ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងការស្វាគមន៍ចំពោះសាស្រ្តាចារ្យ និងក្រុមគ្រូពេទ្យជានិស្សិតមកពីសាកលវិទ្យាជាតិជេជូ និងបានថ្លែងអំណរគុណដល់សាកលវិទ្យាល័យជាតិជេជូ ចំពោះកាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តដ៏សប្បុរសធម៌ ដែលបានរួមចំណែក និងលើកកម្ពស់វិស័យសុខាភិបាល និងសុខមាលភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកបាធាយ ដោយឥតគិតថ្លៃ។

ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់ក្រុមគ្រូពេទ្យថា កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន វិស័យសុខាភិបាល បាននឹងកំពុងស្តារឡើងវិញបន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្រ្គាម ហើយឥឡូវនេះប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសេវាព្យាបាល មានការយកចិត្តទុក និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីមូលដ្ឋាន រហូតដល់ទីក្រុង។ ប៉ុន្តែទោះបីយ៉ាងណា វិស័យសុខាភិបាលនៅកម្ពុជា នៅតែបន្តត្រូវការជាចាំបាច់ការឧបត្ថម្ភគាំទ្រ កិច្ចសហប្រតិបត្តិការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រទេសជាមិត្ត។

ទេសរដ្ឋមន្រ្តី បន្តទៀតថា សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាមិត្តដទៃទៀត ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសុខាភិបាលផងដែរ។ ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាល ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំដល់សាធារណរដ្ឋកូរ៉េ បន្តគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា និងបន្តពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផងដែរ៕