(ភ្នំពេញ)៖ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានបន្តយករឿងនានាទាំងឡាយធ្វើអាជីវកម្មនយោបាយ សម្បីតែរឿងឡើងកាន់អំណាចរបស់រដ្ឋមន្ត្រីការបរទេសថ្មី លោក ម៉ាកូ រូប៊ីអូ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ការតែងតាំងលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថ្មី បានជំរុញឱ្យមានការពិភាក្សាយ៉ាងសំខាន់អំពីអនាគតនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងពេលដែលក្របខណ្ឌនៃគោលនយោបាយការបរទេសអាមេរិកក្រោមការដឹកនាំរបស់លោក Marco Rubio អនុញ្ញាតឱ្យមានតែទង់ជាតិអាមេរិក នៅត្រឹមកន្លែងការទូតរបស់ខ្លួនតែប៉ុណ្ណោះនោះស្រាប់តែមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បែរជាយកការឡើងកាន់តំណែង ថ្មីនៃរដ្ឋមន្ត្រីការបរទេសអាមេរិករូបនោះ ធ្វើអាជីវកម្មនយោបាយ បើសូម្បីទាំងម្ចាស់សាមីអាមេរិករូបនោះមិនបានទាំងដឹងខ្លួនផង។

សម រង្ស៊ី បាននិយាយធ្វើអាជីវកម្មនយោបាយជុំវិញការប្រើប្រាស់ការឡើងកាន់តំណែងថ្មី របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នោះ ក្នុងសំណេរតាមបណ្តាញសង្គម ថ្ងៃទី២៣ មករា ឆ្នាំ២០២៥ ដែលសម្តីធ្វើអាជីវកម្មនយោបាយនោះ រួមមានបួនចំណុចគួរឱ្យអស់សំណើច។

នោះគឺជាទង្វើរកការកេងចំណេញនយោបាយថ្មីបន្ថែមទៀតរបស់មេខ្លោងក្រុមជ្រុលនិយម បន្ទាប់ពីការប្រើប្រាស់សពរបស់លោក លិម គិមយ៉ា, ការធ្លាក់តម្លៃស្រូវរបស់ពិភពលោករួមទាំងតម្លៃស្រូវក្នុងប្រទេសកម្ពុជា, ការយកឧប្បទ្ទវហេតុឆេះរួបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ និងការនិយាយថាសេដ្ឋកិច្ចខ្មែរធ្លាក់ចុះដាច់លុយពីចិនជាដើម ក្នុងមុខរបរធ្វើជាអាជីវកម្មនយោបាយ ដោយឥតអៀនខ្មាសសោះឡើយ។

សម្តីឃោសនារបស់លោក សម រង្ស៊ី ដែលអះអាងថា លោក Marco Rubio នឹងគាំទ្រការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជានោះ តាមពិតវាមិនមែនត្រឹមតែជាការប៉ាន់ស្មានប៉ុណ្ណោះទេ វាក៏ជាការប៉ុនប៉ងបំភាន់មតិសាធារណៈផងដែរ ពីព្រោះគោលនយោបាយថ្មីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក មិនមានការដាក់ចេញនូវគម្រោងទណ្ឌកម្មណាមួយមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសនៃមិត្តរបស់សហរដ្ឋអាមេរិកឡើយ។ ប៉ុន្តែដោយសារតែសារជាតិជាអ្នកនយោបាយទុច្ចរិតម្នាក់ ដែលគ្មានគិតឃើញអ្វីក្រៅតែពីការប្រើប្រាស់ស្លាកនយោបាយបរ ទេសដើម្បីបិទបាំងភាពទន់ខ្សោយរបស់ខ្លួននោះ សម រង្ស៊ី បានប្រញាប់យកករណីឡើងកាន់អំណាចរដ្ឋមន្ត្រីការបរទេសថ្មីអាមេរិកជាមួយនឹងស្លាករដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការធ្វើអាជីវកម្មបំរើនយោបាយមិនល្អរបស់ខ្លួនភ្លាម។

ការប្រើប្រាស់រូបភាពផ្សេងៗទាំងឡាយ ដើម្បីការធ្វើអាជីវកម្មនយោបាយនេះ គឺជាវិធីទុច្ចរិត ដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ…ហើយវិធីដែលប្រឆាំងនឹងតម្លៃលទ្ធិប្រជាធិបតេយ្យទាំងនេះ គឺមានតែពួកក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី តែប៉ុណ្ណោះ ដែលហ៊ាននិងអាចធ្វើទៅបានដោយភាពអាម៉ាសជាទីបំផុត។

• ការនិយាយមិនពិត បង្កផលប៉ះពាល់ដល់អធិបតេយ្យភាពការទូត

ដំបូងបំផុត គេត្រូវមើលឃើញថា ការប្រើប្រាស់ការឡើងកាន់អំណាចនៃមេដឹកនាំបរទេស ណាមួយដើម្បីការកេងចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន គឺជាទង្វើបំផ្លាញនូវសុចរិតភាពនៃដំណើរការទូត។ រដ្ឋបាលលោក ដូណាល់ ត្រាំ Trump រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio មិនបានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ដែលបង្ហាញពីការមិនពេញចិត្តចំពោះរដ្ឋាភិបាលកម្ពុជានោះឡើយ។ សម្តីនិយាយរបស់ សម រង្ស៊ី បង្ហោះតាមបណ្តាញសង្គម គឺជាការបំភាន់សាធារណមតិទាំងក្នុងប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ។ ការនិយាយមិនពិតនេះចង់មិនចង់ គឺអាចបង្កនូវភាពតានតឹងមួយបើសិនជាគេមិន បានតាមដាននូវដំណើររឿងនយោបាយពិតប្រាកដ និងវាអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីដែលមានសារៈសំខាន់សម្រាប់ការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សិទ្ធិមនុស្ស និងស្ថិរភាពក្នុងតំបន់។

• យុទ្ធសាស្ត្របំបែកបំបាក់ និងបំផ្លាញឧត្តមគតិប្រជាធិបតេយ្យ

លទ្ធិប្រជាធិបតេយ្យ អាចមានភាពរីកចម្រើនរបស់វាលើការជជែកវែកញែកប្រកបដោយព័ត៌មាន និងការចូលរួមពិតប្រាកដជាមួយពលរដ្ឋជាម្ចាស់ឆ្នោត។ វាមិនមែនដោយការនិយាយស្មាន និងប្រឌិតរឿង ដើម្បីបង្កការភាន់ច្រឡំដល់សាធារណមតិឡើយ។ នៅពេលដែលអ្នកនយោបាយណាម្នាក់ប្រើប្រាស់សម្តីប៉ាន់ស្មានរបស់ខ្លួនដើម្បីចង់បានភាពទទួលការគាំទ្រនោះ គឺអ្នកនយោបាយនោះកំពុងតែបង្វែរ ឬដកខ្លួនឯងចេញពីការពិភាក្សាសំខាន់ៗអំពីគោលនយោបាយ និងអភិបាលកិច្ចតាមគន្លងលទ្ធិប្រជាធិបតេយ្យហើយ។

អ្នកនយោបាយពិតប្រាកដ គឺជាមនុស្សត្រូវហ៊ានលើកឡើងនូវបញ្ហាពិត ដើម្បីស្វែងរកដំណោះស្រាយ។ វាមិនមែនជាការបិទបាំងបញ្ហា និងរុញឱ្យមានយុទ្ធសាស្ត្របំបែកបំបាក់ជាតិដូចមេខ្លោង សម រង្ស៊ី បាននិងកំពុងធ្វើក្នុងបច្ចុប្បន្ននេះឡើយ។ វិធីសាស្រ្តប្រើប្រាស់រូបភាពនានាដើម្បីតែចង់បំរើអាជីវកម្មនយោបាយផ្ទាល់ខ្លួន គឺជាវិធីដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យចុះខ្សោយ ហើយជាវិធីដែលបានបង្វែរ ស ទៅជា ខ្មៅ, ពីល្អទៅអាក្រក់ និងទង្វើនោះ គឺជាទង្វើអាក្រក់ជួរជាតិ ដែលគេមិនត្រូវជឿលើសម្តីបោកប្រាស់ដូចទណ្ឌិត សម រង្ស៊ី បានធ្វើកន្លងមកនេះឡើយ។

• អ្នកនយោបាយសុចរិត មិនប្រើប្រាស់រឿងអបិយជំនឿ ក្នុងការកេងចំណេញនយោបាយឡើយ

ការប្រើវិធីឃោសនាអបិយជំនឿ គឺជាវិធីបោកបញ្ឆោតការយល់ឃើញរបស់សាធារណជន និងវាមិនមែនជាវិធីសាស្ត្រដ៏ត្រឹមត្រូវ ដែលគួរឱ្យកោតសរសើរនោះទេ។ ភាពជាអ្នកដឹកនាំមួយប្រកបដោយក្រមសីលធម៌ គឺគេមិននិយាយកុហកមនុស្សនូវករណីរឿងអបីយជំនឿទេ។ សម រង្ស៊ី បានយកឧប្បទ្ទវហេតុ ឆេះរូបព្រះឆាយាលក្ខណ៍បំភ័យពលរដ្ឋខ្មែរឱ្យជឿថា «ជាប្រផ្នូលអាក្រក់បំផុត»។ គេស្ទើរមិនជឿថា សម រង្ស៊ី បែរក្លាយជាអ្នកនយោបាយដ៏ធ្លាក់ខ្លួនម្នាក់ ដែលប្រើប្រាស់ការឃោសនាអបីយជំនឿ ធ្វើជាវិធីសាបព្រួសនយោបាយរបស់ខ្លួនឡើយ។ ការប្រើប្រាស់ជំនឿ ដើម្បីការកេងប្រវ័ញ្ចនយោបាយ បានបង្ហាញថា សម រង្ស៊ី អស់ស្នៀតក្នុងវិធីបោកបញ្ឆោតមនុស្សតាមផ្លូវលោកហើយ ពីព្រោះវិធីបោកនូវការឃោសនាដដែលៗដូចជារឿងសំណង់ ព្រែកជីកហ៊្វូណន-តេជោ, ការចោទប្រកាន់បាត់ទឹកដីក្នុងរឿង CLV-DTA, ការចោទប្រកាន់ការបាត់បង់កោះ និងការចោទថាសេដ្ឋកិច្ចខ្មែរដួលរលំ ដោយសារដាច់លុយពីចិននោះជា ដើមត្រូវបានបរាជ័យជាបន្តបន្ទាប់។

អ្នកដឹកនាំដ៏ល្អ គេបំផុសគំនិតតាមរយៈភាពស្មោះត្រង់ និងចក្ខុវិស័យ ដោយមិនមែនប្រើសម្តី មិនសមហេតុផលនៃអបីយជំនឿដែលគ្មានការពិតនោះទេ។ ការងាកទៅរកអបិយជំនឿ កំពុងតែបង្ហាញថា មេខ្លោងធ្វើនយោបាយប្រឆាំងរូបនោះ កំពុងខ្វះទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់ខ្លួនឯងហើយ។

• តើកម្ពុជាអស់លុយ ដោយសារសេដ្ឋកិច្ចធ្លាក់ដុនដាប ឬដោយសារចិនលែងឱ្យលុយមែន ដែរឬទេ?

យោងតាមធនាគារ IMF បន្ទាប់ពីការធ្លាក់ចុះខ្លាំងដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19 សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ទទួលបានមកវិញក្នុងរង្វង់កំណើន៥.៥% និងសម្រាប់ឆ្នាំ២០២៥ នឹងកើនដល់៥.៧៥% ខណៈពិភពលោកកំពុងប្រឈនឹងវិបត្តិសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ សេដ្ឋវិទូបានព្យាករថា សេដ្ឋកិច្ចកម្ពុជា ក្នុងពេលដែលប្រទេសកំពុងមានស្ថិរភាពនយោបាយដ៏ពេញលេញនេះ នឹងមានកំណើនក្នុងរង្វង់៧% នៅក្នុងឆ្នាំ២០២៨ខាងមុខនេះទៀត។ តាមរយៈការព្យាករណ៍នេះ គឺជាតឹកតាងបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្ន មិនបានដួលរលំដូចតាមអ្វីដែល សម រង្ស៊ី បាននិយាយឡើយ។ ពាក់ព័ន្ធនឹងសម្តីឃោសនាជុំវិញចិនឈប់ផ្តល់ជំនួយមកកម្ពុជានោះ គឺជាសម្តីកាន់តែមិនពិតថែមទៀត។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពិន កាលពីខែធ្នូ ឆ្នាំ២០២៤ បានសរសេរច្រានចោលនូវសម្តីបំពុលព័ត៌មានរបស់ក្រុមជ្រុលនិយមខ្មែរនៅក្រៅស្រុក ដែលនិយាយថា «ចិនឈប់ផ្តល់កម្ចីដល់កម្ពុជា»

លោក វ៉ាង វិនពីន បានសរសេរតាមបណ្តាញសង្គមវិញបញ្ជាក់ថា «ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ»។ លោក វ៉ាង វិនពីន សរសេរបញ្ជាក់ទៀតថា «ភាគីចិន នឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន»។ ឯកអគ្គរដ្ឋទូតចិន បានសរសេរចុងក្រោយបញ្ជាក់ថា «រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»

ទង្វើរកការកេងចំណេញនយោបាយរបស់មេខ្លោងក្រុមជ្រុលនិយម បន្ទាប់ពីការប្រើប្រាស់សពរបស់លោក លិម គិមយ៉ា, ការធ្លាក់តម្លៃស្រូវរបស់ពិភពលោក និងតម្លៃស្រូវក្នុងប្រទេសកម្ពុជា, ការយកឧប្បទ្ទវហេតុឆេះរួបព្រះឆាយាលក្ខណ៍, ការនិយាយថាសេដ្ឋកិច្ចខ្មែរធ្លាក់ចុះ និងថាដាច់លុយពីចិន និងចុងក្រោយថារដ្ឋមន្ត្រីការបរទេសថ្មីអាមេរិក ជាអ្នកគាំទ្រដាក់ទណ្ឌកម្មមកលើកម្ពុជា គឺជាទង្វើអសីលធម៌នយោបាយរបស់ សម រង្ស៊ី ដើម្បីតែការកេងចំណេញនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

តាមពិតតួនាទីរបស់បក្សប្រឆាំងនៅតាមប្រទេសនានាលើសកលលោក គឺជាតួនាទីមួយដ៏មានសារៈសំខាន់ ក្នុងការធានាឱ្យមានការត្រួតពិនិត្យ និងតុល្យភាព ប៉ុន្តែតួនាទីប្រឆាំងអនុវត្តដោយក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី បែរជាប្រើប្រាស់វាក្នុងផ្លូវខុសទៅវិញ ដូចជាការអំពាវនាវឱ្យមានអំពើបះបោរប្រឆាំងរាជរដ្ឋាភិបាលជាប់ឆ្នោតតាមរយៈដំណើរការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ, ការផ្សព្វផ្សាយព័ត៌មានមិនពិត, ព័ត៌មានញុះញង់ និងការប្រើប្រាស់ រឿងសោកនាដកម្ម និងសូម្បីតែការឡើងកាន់តំណែងរបស់មេដឹកនាំបរទេសណាមួយ ឬភាពផ្លាស់ប្តូរការដឹកនាំប្រទេសណាមួយ ក៏សុទ្ធតែបានក្លាយជាការធ្វើអាជីវកម្មនយោបាយរបស់ សម រង្ស៊ី និងបក្ខពួកផងដែរ។

សម រង្ស៊ី និងបក្ខពួក មិនមែនជាក្រុមដែលដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យទេ, សម រង្ស៊ី និងបក្ខពួក គឺជាក្រុមដែលរំខាននិងឆាឆៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការឡើងតំណែងរបស់លោក Marco Rubio ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសអាមេរិក គួរតែជំរុញឱ្យមានការពិភាក្សាអំពីលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចដ៏ពិតប្រាកដក្រោមការដឹកនាំនៃរដ្ឋបាលលោក ដូណាល់ ត្រាំ និងគេមិនត្រូវឱ្យ សម រង្ស៊ី បន្តការប្រើប្រាស់ការឡើងកាន់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិកនោះ ដើម្បីបំរើជាឧបករណ៍នយោបាយក្នុងបំណងចង់បំភាន់ និងបំភ័យប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រោមម្លប់សន្តិភាពដ៏ពិតប្រាកដរយៈពេល ២៦ឆ្នាំរួចមកនេះឡើយ។

សម រង្ស៊ី សូមកុំប្រើការឡើងកាន់អំណាចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី ដើម្បីកេងចំណេញនយោបាយផ្ទាល់ខ្លួនឱ្យសោះ៕