(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ក៏ដូចជាបណ្តាវិស័យឯកជន ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា។

ដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពក្នុងការរក្សាថ្លៃកសិផល ក៏ដូចជា ការពង្រឹងនយោបាយគ្រប់គ្រងទឹក សម្រាប់រដូវប្រាំងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា៕