(ព្រៃវែង)៖ ម៉ាស៊ីនបូបទឹកចំនួន៤គ្រឿង ដែលជាអំណោយរបស់លោកបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ កំពុងមម៉ាញឹកបូមទឹកដាក់ស្រែពលរដ្ឋ ដែលកំពុងមានតម្រូវការបន្ទាន់ ដោយបូមដាក់ចូលប្រឡាយមេចំនួនពីរ គឺប្រឡាយខ្សេ និងប្រឡាយពោធិ៍លោក។
យោងតាមសេចក្តីរាយការណ៍របស់លោក ប៊ិន សំអុល អភិបាលរងស្រុក និងមន្ត្រីពាក់ព័ន្ធ ដែលបានចុះពិនិត្យផ្ទាល់ បានឱ្យដឹងថា នៅពេលនេះអាជ្ញាធរកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលលោកបណ្ឌិត បានផ្ដល់ជូនតាំងពីដើមខែធ្នូ ឆ្នាំ២០២៤នោះ កំពុងបូមទឹក ជូនពលរដ្ឋស្ថិតភូមិស្វាយខ្នី ភូមិពងពស់ និងភូមិជើងទឹក ចំនួន៤៨៧គ្រួសារ ដែលមានផ្ទៃដីចំនួន៤០០ហិចតាស្ថិតនៅក្នុងឃុំរោងដំរី និងឃុំបឹងព្រះ។ ទោះយ៉ាងណា ប្រឡាយរងមួយចំនួនបានរីងស្ងួត ហើយអាជ្ញាធរកំពុងរកដំណោះស្រាយនាំយកប្រភពទឹកពីបឹងទន្លេស្នេហ៍។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត ងិន បាណាល់ បានចាត់តាំងក្រុមការងារចុះទៅរៀបចំម៉ាស៊ីនបូមទឹក២ទីតាំងបន្ថែមភ្លាមៗដើម្បីជួយសង្គ្រោះស្រូវកំពុងចេញផ្កា ដាក់ផ្លែនៅឃុំរោងដំរី ឃុំរក្សជ័យ និងឃុំបឹងព្រះ ដែលកំពុងខ្វះទឹកខ្លាំង។ទីតាំងទីមួយ គឺនៅប្រឡាយមេខ្សេ ដាក់ម៉ាស៊ីនបូមពីរគ្រឿង ត្រង់ចំណុចភូមិជ្រួលថ្មី ឃុំរក្សជ័យ និងទីតាំងទីពីរ នៅប្រឡាយពោធិ៍លោក ពីចំណុចទ្វារអូរម្ល ឆ្លងកាត់ឃុំធាយ ឃុំបឹងព្រះ និងឃុំស្ពឺ(ក)។
ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត បានត្រៀមប្រេងឥន្ធៈចំនួន២៥០០លីត្រ និងសម្ភារៈចាំបាច់មួយចំនួនដូចជាទុយយោទឹកដើម្បីបម្រើឱ្យតំណើរការបូមទឹកជូនប្រជាពលរដ្ឋទាន់ពេលវេលា។ឯកឧត្ដមបណ្ឌិតបានចាត់ទុកការជួយសង្គ្រោះស្រូវពលរដ្ឋជាការងារអាទិភាពរបស់ក្រុមការងារ លោកបន្ថែមថា ស្រូវជាអាយុជីវិត ដូចសុភាសិតខ្មែរពោលថា«ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»៕