(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ កិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនពរសាទរឆ្នាំថ្មី ប្រពៃណីជនជាតិចិន ឆ្នាំម៉្សាញ់។
ក្នុងឱកាសនោះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំបណ្តាំផ្ញើការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត និងបានពាំនាំនូវការថ្លែងអំណរគុណ ពីសំណាក់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិន ជូនដល់គណៈកម្មាធិការអាហារូបករណ៍ នាពេលកន្លង។
ឯកឧត្តម ឡាវ វ៉ាន់ បានរំលេចពីសមិទ្ធផលនានាចាប់ពីឆ្នាំ២០០០ ហើយជាពិសេសសមិទ្ធផលរយៈពេលពេញ១ឆ្នាំ២០២៤ របស់សមាគម អ.ម.ត ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត ដោយផ្តោតលើអាហារូបករណ៍ ដែលបានផ្តល់ជូន ដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានរំលេចបន្ថែមថា ឆ្នាំ២០២៥ ជាឆ្នាំចេញដំណើរដ៏សំខាន់រវាងក្រុមការងារគ្រប់គ្រងនិស្សិត ក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគម អ.ម.ត និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការបង្កើនបរិមាណ ពង្រឹងគុណភាពដល់សិស្ស-និស្សិតកម្ពុជាទទួលបានឱកាសកាន់តែច្រើន ពីរដ្ឋាភិបាលចិន តាមរយៈ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ទៅបន្តការសិក្សានៅប្រទេសចិន បន្ថែមពីលើបរិមាណនិស្សិតកម្ពុជាចំនួន ១៦៧ នាក់ដែលបាននិងកំពុងបន្តការសិក្សានៅប្រទេសចិន ក៏ដូចជាសិស្ស-និស្សិតកម្ពុជាប្រមាណចំនួន ៨០នាក់ ដែលកំពុងត្រៀមខ្លួន ទៅបន្តការសិក្សានៅប្រទេសចិនផងដែរ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឯកឧត្តម Wang Wenbin បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើនមូលធនមនុស្សរបស់កម្ពុជា ហើយឯកឧត្តមក៏បានយល់ស្របជាមួយឯកឧត្តម ឡាវ វ៉ាន់ ពីមោទកភាពដែលនិស្សិកម្ពុជាទទួលបានគុណភាពសិក្សាយ៉ាងល្អ ប្រសើរក្រោយបញ្ចប់ការសិក្សានៅប្រទេសចិន។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបានបង្ហាញ នូវឆន្ទៈបន្តការគាំទ្រយ៉ាងពេញ ទំហឹងដល់បេសកកម្មរបស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត៕