(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងនិយ័តករសន្តិសុខសង្គម បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី «ការត្រៀមលក្ខណៈសម្រាប់អនុវត្តប្រព័ន្ធបញ្ជាក់ចំណាយ ក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា» ក្នុងគោលបំណងផ្សព្វផ្សាយអំពីផែនការក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយថ្មីសម្រាប់ប្រព័ន្ធគាំពារសង្គមកម្ពុជា ព្រមទាំងចែករំលែកនូវទិដ្ឋភាពបច្ចេកទេសដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងភាគីផ្តល់សេវាដើម្បីត្រៀមលក្ខណៈជាមុនក្នុងការចូលរួមអនុវត្តការបញ្ជាក់ចំណាយតាមប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលដែលនឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។
សិក្ខាសាលនេះអញ្ជើញជាអធិបតីពីសំណាក់លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃគណៈកម្មាធិកាប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។
លោកស្រីបានលើកឡើងថា ការផ្ទេរសមត្ថកិច្ចនៃការបញ្ជាក់ចំណាយពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជាមួយនឹងការរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលថ្មីនេះ គឺជាវឌ្ឍនភាពដ៏មានសារៈសំខាន់មួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំ កែទម្រង់អភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ស្របតាមការចង្អុលបង្ហាញរបស់ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក្នុងគោលបំណងធានាបាននូវប្រតិតុល្យការរវាងមុខងារអ្នកទូទាត់សេវា អ្នកផ្តល់សេវា និងអ្នកបញ្ជាក់ចំណាយឱ្យមានឯករាជ្យភាពពីគ្នាដែលរួមចំណែកក្នុងការធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការទូទាត់ថ្លៃសេវាជូនមូលដ្ឋានសុខាភិបាល ដែលបានផ្តល់សេវាក្រោមប្រព័ន្ធគាំពារសង្គម។
លោស្រីរដ្ឋលេខាធិការបានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាល អភិវឌ្ឍប្រព័ន្ធគាំពារសង្គមជាបន្តបន្ទាប់មក កំណើនរបស់ពលរដ្ឋបានប្រើប្រាស់ បណ្ណ ប.ស.ស. បណ្ណសមធម៌ និងបណ្ណផ្សេងៗមួយចំនួនទៀតដើម្បីមកទទួលការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល មានការកើនឡើងគួរឱ្យកត់សម្គាល់។
ផ្អែកលើទិន្នន័យបច្ចុប្បន្ន ការប្រើប្រាស់សេវាក្រោមមូលនិធិសមធម៌មានចំនួនប្រមាណជាង ៤,៧លានករណី, ខណៈការប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលឯកជនក្រោមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ បានកើនឡើងយ៉ាងខ្លាំង ដល់ចំនួនយ៉ាងហោចណាស់ជាង ៧លានករណី ក្នុងឆ្នាំ២០២៤ ដែលចំនួននេះមិនទាន់បានរាប់បញ្ចូលករណីប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈនៅឡើយទេ។
ស្របជាមួយគ្នាដែរនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ជាមួយនឹងការកំណត់ទិសដៅឱ្យប្រព័ន្ធគាំពារសុខភាពសង្គមពង្រីកវិសាលភាពគ្របដណ្តប់ជាបណ្តើរៗរហូតដល់ ៨០% នៃពលរដ្ឋសរុប នៅឆ្នាំ២០៣៥ ដែលការណ៍នេះនឹងនាំឱ្យមានការកើនឡើងជាបន្តបន្ទាប់នូវការប្រើប្រាស់សេវាសុខាភិបាលជាហូរហែផងដែរ។
ករណីនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា យន្តការបញ្ជាក់ចំណាយ បច្ចុប្បន្នដែលប្រើប្រាស់កម្លាំងមនុស្សសុទ្ធ នឹងមិនអាចធ្វើឱ្យមុខងារបញ្ជាក់ចំណាយប្រព្រឹត្តទៅបានប្រកបដោយសុក្រឹត្យភាព, ប្រសិទ្ធភាព, តម្លាភាព និងមាននិរន្តរភាពនោះឡើយ ដែលទាមទារនូវការកែទម្រង់ជាចាំបាច់។
លោកស្រីរដ្ឋលេខាធិការបានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល ផ្តល់កិច្ចសហការជិតស្និតជាមួយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយដើម្បីជំរុញការរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលថ្មីនេះធ្វើទៅបានដោយជោគជ័យ និងរលូន នៅត្រីមាសទី៤ ឆ្នាំ២០២៥នេះ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕