(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសមាគម Fragmentis Vitae Asia ដែលជាសមាគមបារាំងបង្កើតឡើងដោយពលរដ្ឋបារាំង ដើមកំណើតខ្មែរ បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា (MoU) លើការងារទាក់ទងនឹងការចងចាំ យុត្តិធម៌អន្តរកាល និងការអប់រំអំពីសន្តិភាព។ អនុស្សរណៈនេះ បានបង្កើតជាក្របខ័ណ្ឌមួយ ដើម្បីគោរពដល់ការចងចាំរបស់ជនរងគ្រោះ លើកកម្ពស់គណនេយ្យភាព និងការផ្សះផ្សា និងការជំរុញកិច្ចសន្ទនាអន្តរជំនាន់។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និងលោក Frédéric Dabi អនុប្រធានសមាគម Fragmentis Vitae Asia នៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។

ផ្អែកលើអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការគ្នាតាមរយៈការផ្លាស់ប្តូរឯកសារ និងសម្ភារៈផ្សេងៗ កិច្ចសហប្រតិបត្តិការអំពីបច្ចេកទេសលើកម្មវិធីអប់រំ ការគាំទ្រសម្រាប់គម្រោងស្តូប ការគាំទ្រគំនិតផ្តួចផ្តើមកិច្ចការស្រាវជ្រាវ និងការចូលរួមជាមួយគ្នា នៅក្នុងកម្មវិធីក្រុមប្រទេសអ្នកនិយាយភាសាបារាំង ដែលគ្រោងនឹងរៀបចំឡើងក្នុងរាជធានីភ្នំពេញ នាឆ្នាំ២០២៦ ខាងមុខ។

សមាគម Fragmentis Vitae Asia បានដឹកនាំគម្រោង «Fragments #KH50» ដើម្បីធ្វើកិច្ចការចងក្រងឯកសារ និងរក្សាការចងចាំអំពីសម័យខ្មែរក្រហម ដោយផ្តោតជាពិសេសលើការរំឮក និងការរក្សាអត្តសញ្ញាណជនភៀសខ្លួនកម្ពុជានៅប្រទេសបារាំង។ សមាគមនេះ ដំណើរការក្រោមការដឹកនាំរបស់គណៈកម្មាធិការវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ ដែលមានឯកទេសក្នុងការសិក្សាអំពីការចងចាំ និងការធ្វើចំណាកស្រុក ដោយភាពជាដៃគូជាមួយបណ្តាញស្រាវជ្រាវ «ការធ្វើចំណាកស្រុកពីអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍នៅបារាំង ( MAF )»។

គម្រោង «Fragments #KH50» រួមបញ្ចូលគំនិតផ្តួចផ្តើមសំខាន់ៗចំនួន៣ រួមទាំងវិមានអនុស្សាវរីយ៍ ដែលនឹងត្រូវបានសម្ពោធនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Lognes ដែលត្រូវបានគេស្គាល់ក្នុងស្រុកថាជា «ទីក្រុងនាគ» ដោយសារតែជនភៀសខ្លួនកម្ពុជាមានចំនួនច្រើននៅទីនោះ។ គម្រោងនេះ នឹងក្លាយជាស្តូបលើកដំបូងគេបង្អស់ ដែលត្រូវបានសាងសង់ឡើងដោយប្រជាជនកម្ពុជាជំនាន់ទីពីរ នៅក្នុងប្រទេសបារាំង ដើម្បីគោរពដល់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍កម្ពុជា។

លោក ក្រាញ់ តូនី បានថ្លែងថា គំនិតផ្តួចផ្តើមពហុគម្រោងនេះ បង្កើតបានជាទីកន្លែងសាធារណៈដ៏សំខាន់មួយសម្រាប់ការឆ្លុះបញ្ចាំងពីអតីតកាល ដែលបានអនុញ្ញាតឱ្យយុវជន និងមនុស្សជំនាន់ក្រោយយល់ពីអតីតកាលដ៏ឈឺចាប់របស់ប្រទេសកម្ពុជា និងការកសាងប្រទេសនេះឡើងវិញផងដែរ។ តាមរយៈការអភិរក្ស ការផ្ដល់ព័ត៌មានពីការចងក្រងឯកសារ និងសក្ខីកម្មប្រវត្តិសាស្ត្រ យើងធ្វើការងារសម្រាប់គោលដៅរួមរបស់យើង គឺការចងចាំ និងការបង្ការ។

លោក Frédéric បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈរវាងសមាគម VITAGE Asia និង អ.វ.ត.ក. នេះ គឺជាកិច្ចការដ៏អស្ចារ្យណាស់។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា វាជាការសម្រេចជោគជ័យបានដោយផ្ទាល់នូវកម្រិតដែលអង្គភាពរបស់យើងបានប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់ចំណេះដឹង និងការបញ្ជូនសារនៃការចងចាំរបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃរបបខ្មែរក្រហមទៅកាន់យុវជនជំនាន់ក្រោយ នៅក្នុងប្រទេសរបស់យើងទាំងពីរផងដែរ។

ជាផ្នែកនៃការអនុវត្តបឋម មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៃ អ.វ.ត.ក. លោកស្រី ជេត វណ្ណលី នឹងចូលរួមផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍ នៅក្នុងប្រទេសបារាំង នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយផ្តោតទៅលើដំណើរការទទួលខុសត្រូវរបស់ អ.វ.ត.ក. និងការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណី។ ការចូលរួមនេះ នឹងជួយពង្រឹងដល់កិច្ចទំនាក់ទំនងជាមួយសហគមន៍ខ្មែរនៅក្នុងប្រទេសបារាំង និងលើកកម្ពស់ការយល់ដឹងអំពីការងាររបស់តុលាការសម្រាប់យុវជនជំនាន់ក្រោយផងដែរ៕