(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនលោកជំទាវ ព្រឹទ្ធសមាជិកា Sue Lines ប្រធានព្រឹទ្ធសភា នៃសភាប្រទេសអូស្ត្រាលី ដោយសម្តែងការអបអរសាទរអស់ពីដួងចិត្ត ជូនចំពោះ លោកជំទាវ និងព្រឹទ្ធសភា ព្រមទាំងប្រជាជនអូស្ត្រាលី ក្នុងឱកាសដ៏ មហោឡារិកនៃទិវាបុណ្យជាតិអូស្ត្រាលី។
សម្តេចបានលើកឡើងថា ទិវាបុណ្យជាតិអូស្ត្រាលី គឺជាសក្ខីភាពដ៏សំខាន់មួយ បញ្ជាក់អំពីភាពស៊ូ ភាពធន់ និងសមិទ្ធផល និងវិភាគទានយូរអង្វែងរបស់អូស្ត្រាលីចំពោះតំបន់ និងពិភពលោក។
សម្តេចបានបន្តថា ព្រះរាជាណាចក្រកម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងដ៏យូរអង្វែង ដែលបានរីកចម្រើនកាន់តែខ្លាំងក្លា ដោយសារការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ទំនាក់ទំនងដែលប្រសើរឡើងរវាងប្រទេសយើងទាំងពីរ មិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។
សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ៕