(ភ្នំពេញ)៖ លោក សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងចូលរួមចំណែកលើកកម្ពសជីវភាពរស់នៅ ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ។

លោក សាន វិសាល លើកឡើងបែបនេះ ក្នុងឱកាសដែលលោក តំណាងឱ្យលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូ ចំនួន ២ គម្រោង ស្ថិតនៅខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល នៅថ្ងៃទី ២៤ មករា ឆ្នាំ២០២៥នេះ។

លោកមានប្រសាសន៍ថា ការស្ថាបនាផ្លូវ ជាពិសេសតំបន់ជនបទ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពោលគឺមានផ្លូវល្អធ្វើដំណើរ ពិតជាបានបង្កលក្ខណៈ ងាយស្រួលដូចជា ការកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗជាដើម ។

ជុំវិញគម្រោងស្ថាបនាផ្លូវ និងលូ ចំនួន ២ គម្រោង ស្ថិតនៅខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាលនេះដែរ ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ២ ២០០ម៉ែត្រ ស្ថិតក្នុងឃុំពន្លៃ ស្រុកបរិបូរ័ណ៍ ខេត្តកំពង់ឆ្នាំង និងផ្លូវក្រាលបេតុង១ ខ្សែទៀត ប្រវែង ២ ២០០ ម៉ែត្រដូចគ្នា ស្ថិតនៅភូមិសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ ទៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយផ្លូវទាំងនេះ បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន ១០០% កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣ គិតមកដល់ពេលនេះមានរយៈពេលជាង ១២ ខែ ។

ក្នុងឱកាសនោះដែរ លោក សាន វិសាល និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពល រដ្ឋ។ ក្នុងពិធីសំណេះសំណាលនេះដែរ លោក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ ផងដែរ៕