(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ចូលរួមអបអរសាទរ ដល់សិស្សជ័យលាភី ប្រចាំឆ្នាំ២០២៣-២០២៤ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
នាឱកាសនោះ ព្រះប្រធានបាននាំយកថវិកា មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ ចំនួន ២២ ០០០ ០០០ រៀល (ម្ភៃពីរលានរៀល) ប្រគេនសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះនាយក ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដើម្បីចូលរួមជួយឧបត្ថម្ភដល់កម្មវិធីព្រហ្មទាន និងពិធីបុណ្យតបគុណគ្រូ និងដំណើរទស្សនកិច្ចសិក្សា របស់សមណសិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ទៅកាន់ខេត្តសៀមរាប ក្រោមកិច្ចដឹកនាំផ្ទាល់របស់សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ។
សូមជម្រាបថា ពិធីបុណ្យព្រហ្មទាននេះ បានប្រារព្វធ្វើឡើងក្រោមព្រះរាជហឬទ័យ ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា៕