(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានចុះអនុស្សរណៈយោគយល់ជាមួយសមាគមធុរកិច្ចពីប្រទេសឡាវ ហៅថា កេអេជុគុឡាវ (Keiei Juku Laos) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងពាណិជ្ជកម្មរវាង កម្ពុជា-ឡាវ និងក្នុងតំបន់ និងបង្កើតឱកាសឱ្យសហគ្រិននៃប្រទេសទាំងពីរបានឈ្វេងយល់ពីឱកាសធ្វើធុរកិច្ចរវាងគ្នាទៅវិញទៅមក។
លោកបណ្ឌិត ឃឹម លាង នាយកមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា- ជប៉ុន បានឱ្យដឹងថា តាមរយៈអនុស្សរណៈយោគយល់គ្នា សហគ្រិនកម្ពុជា និងឡាវ នឹងមានឱកាសចាប់ដៃគ្នាទៅថ្ងៃអនាគត ដើម្បីកសាងដៃគូអាជីវកម្ម ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនៅក្នុងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សហគ្រិននៃប្រទេសទាំងពីរ នឹងមានឱកាសឈានទៅចាប់ដៃគ្នា ក្នុងការជំរុញការនាំចេញនាំចូល។
ពិធីចុះអនុស្សរណៈយោគយល់រវាងកម្ពុជា-ឡាវ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសាក្សី ដោយគណៈគ្រប់គ្រងនៃវិទ្យាស្ថានឡាវ-ជប៉ុន (LJI) តំណាង និងម្ចាស់អាជីវកម្ម នៅកម្ពុជាចំនួន២៧ក្រុមហ៊ុន និងមកពីប្រទេសឡាវចំនួន១៥ ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងនោះកំពុងប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាវិស័យម្ហូបអាហារ ផលិត និងកែច្នៃ និងវិស័យសេវាកម្មជាដើម ។ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់បានបញ្ចប់ សហគ្រិន និងតំណាងមកពីប្រទេសទាំងពីរក៏មានឱកាសក្នុងការទំនាក់ទំនង ក៏ដូចជាការបង្កើតបណ្តាញធុរកិច្ច។ មិនតែប៉ុណ្ណោះ សហគ្រិនមកពីប្រទសឡាវក៏បានចុះកម្មសិក្សាទៅកាន់ក្រុមហ៊ុន ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។
កិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា រវាងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមធុរកិច្ចពីប្រទេសឡាវ (KJL) ក្នុងការជំរុញឱ្យមានការបង្កើតបណ្តាញ ការចែករំលែកចំណេះដឹង គម្រោងសហការ និងការផ្តួចផ្តើមការកសាងសមត្ថភាព ក្នុងចំណោមសហគមន៍ធុរកិច្ចជនក្នុងប្រទេសកម្ពុជា-ឡាវ ជាពិសេសបណ្តាអតីតសិក្ខាកាម ដែលបានបញ្ចប់ការបណ្តុះបណ្តាលផ្នែកអាជីវកម្មនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សមាជិកសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាជិកនៃសមាគមធុរកិច្ចពីប្រទេសឡាវ (KJL)។
លើសពីនេះ កិច្ចព្រមព្រៀងនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានឡាវ-ជប៉ុន (LJI) ជាស្ថាប័នមួយដែលបានរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសឡាវ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងមូលនិធិជប៉ុន (JF)។ ចំណែកឯសមាគមអ្នកជំនួញឡាវ (KJL) គឺជាសមាគមអ្នកជំនួញ និងសហគ្រិន ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលតាមបែបជប៉ុន ហៅថា ខេអេជុគុ (Keieijuku) ដែលជាកម្មវិធីបណ្តុះបណ្តាលដ៏ពិសេសមួយសម្រាប់តែថ្នាក់ដឹកនាំថ្នាក់កំពូលនៃក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលវគ្គបណ្តុះបណ្តាលនេះ មានលំនាំតាមការធ្វើអាជីវកម្មតាមបែបជប៉ុន។
ដោយឡែក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) វិញ ក៏មានបេសកកម្មស្រដៀងគ្នាទៅនឹងវិទ្យាស្ថានឡាវ-ជប៉ុន (LJI) ផងដែរ ដែលមជ្ឈមណ្ឌលនេះ បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ។ បច្ចុប្បន្ន មជ្ឈមណ្ឌលបានបណ្តុះបណ្តាលអ្នកជំនួញ និងសហគ្រិនប្រមាណជាង២០០០នាក់។ ដូច្នេះ អនុស្សរណៈយោគយល់នេះ នឹងផ្តល់ជាផលចំណេញដល់អ្នកជំនួញ និងសហគ្រិនមកពីប្រទេសទាំងពីរ ហើយវាក៏នឹងរួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ៕