(បន្ទាយមានជ័យ)៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ អាជីវករលក់ជី និងថ្នាំកសិកម្មជាង១០០នាក់ក្នុងខេត្តបន្ទាយមានជ័យ បានស្វែងយល់ថា ការផ្សព្វផ្សាយអវិជ្ជមានមិនបានជួយដល់កសិករនោះទេ ប៉ុន្តែអាចនាំឱ្យតម្លៃកសិផលកាន់តែធ្លាក់ចុះលឿនទៅវិញ។
សូមជម្រាបថា លោករដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងលោក ប្រាក់ ដាវីត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្ម និងមន្ត្រីកសិកម្មឃុំចំនួនជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងការចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ រួមទាំងការបូមទឹកជួយសង្គ្រោះ ការជួយរកទីផ្សារ និងការរក្សាលំនឹងថ្លៃកសិផលផងដែរ។
លោក គង់ ច័ន្ទវាសនា បានឲ្យដឹងថា អាជីវករជី និងថ្នាំកសិកម្មទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងក្លាយជាអាជីវករស្របច្បាប់។ ដូច្នេះអាជីវករគឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ មន្ទីរកសិកម្ម និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រេីប្រាស់ និងលក់ចែកចាយជី និងថ្នាំកសិកម្មដល់កសិករ។ ការរួមចំណែករបស់បងប្អូនអាជីវករទាំងអស់ក្នុងការផ្សាយព័ត៌មានវិជ្ជមាន និងមានប្រយោជន៍ដល់កសិករ ពិតជាមានសារ:សំខាន់ណាស់ ជាពិសេស ការជំរុញចូលរួមក្នុងសហគមន៍កសិកម្មទំនេីប ដេីម្បីជួយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត ផ្សារភ្ជាប់នឹងទីផ្សារ និងទទួលបានប្រាក់ចំណេញ។
តាមការសង្កេតកន្លងមក ការផ្សាយពីតម្លៃកសិផលធ្លាក់ចុះ ឬការតវ៉ាទាមទារនានា គឺមិនបានជួយឱ្យតម្លៃកេីនឡេីងទេ ប៉ុន្តែជាក់ស្តែងបែរជាជួយរុញឱ្យតម្លៃកាន់តែធ្លាក់ចុះលឿនទៅវិញ ព្រោះថាអ្នកប្រមូលទិញដឹងពីនិន្នាការនៃតម្លៃ និងរង់ចាំឱ្យតម្លៃកាន់តែធ្លាក់ចុះថែមទៀតមុននឹងចុះទិញ ដែលនាំឱ្យខាតបង់ផលប្រយោជន៍កសិករ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានណែនាំ និងលើកទឹកចិត្តឱ្យម្ចាស់ដេប៉ូទាំងអស់ ទុកដាក់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ដេីម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព និងបរិស្ថាន និងលក់ចែកចាយតែផលិតផលស្របច្បាប់ និងមានបញ្ជិកាត្រឹមត្រូវ។ ឯកឧត្តមក៏បានស្នេីសុំឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការល្អ ក្នុងការទប់ស្កាត់ចរាចរណ៍ជី និងថ្នាំខុសច្បាប់ផងដែរ។
ម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មទាំងអស់រីករាយនឹងទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗល្អៗពីកិច្ចសំណេះសំណាលនេះ និងប្តេជ្ញាចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តផ្សព្វផ្សាយ និងចែកចាយតែព័ត៌មានល្អៗដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ៕